ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃអង្គារ (ទី១៥ ខែមេសា) បានបញ្ជាឲ្យពិនិត្យលទ្ធភាពនៃអត្រាពន្ធថ្មី លើការនាំចូលសារធាតុរ៉ែសំខាន់ៗរបស់សហរដ្ឋអាមេរិក ជាការកើនឡើងនូវភាពតានតឹងដ៏ធំ នៅក្នុងជម្លោះរបស់លោក ជាមួយដៃគូពាណិជ្ជកម្មពិភពលោក និងជាការប៉ុនប៉ង ដើម្បីដាក់សម្ពាធត្រលប់វិញទៅលើប្រទេសនាំមុខផ្នែកឧស្សាហកម្មនេះ គឺចិន។
បទបញ្ជានេះបង្ហាញយ៉ាងច្បាស់នូវអ្វីដែលក្រុមហ៊ុនផលិត ទីប្រឹក្សាឧស្សាហកម្ម អ្នកជំនាញ និងអ្នកផ្សេងទៀត បានព្រមានក្រុងវ៉ាស៊ីនតោនជាយូរមកហើយថា សហរដ្ឋអាមេរិកពឹងផ្អែកខ្លាំងពេកលើទីក្រុងប៉េកាំង និងប្រទេសដទៃទៀត សម្រាប់ការសម្រាញ់សារធាតុរ៉ែដែលមានសារៈសំខាន់ដល់សេដ្ឋកិច្ចទាំងមូលរបស់ខ្លួន។
ជាឧទាហរណ៍ ចិនគឺជាប្រទេសផលិតរ៉ែសំខាន់ៗដល់ទៅ ៣០ប្រភេទ ក្នុងចំណោម ៥០ប្រភេទ ដែលត្រូវបានចាត់ទុកថា មានសារៈសំខាន់ដោយទីភ្នាក់ងារស្ទាបស្ទង់ភូគព្ភសាស្ត្រអាមេរិក ហើយប្រទេសនេះបាននិងកំពុងកាត់បន្ថយការនាំចេញរបស់ខ្លួន ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
លោក Trump បានចុះហត្ថលេខាលើក្រឹត្យដែលបង្គាប់បញ្ជាឲ្យរដ្ឋមន្ត្រីពាណិជ្ជកម្ម លោក Howard Lutnick ចាប់ផ្តើមត្រួតពិនិត្យសន្តិសុខជាតិក្រោមមាត្រាទី២៣២ នៃច្បាប់ពង្រីកពាណិជ្ជកម្មឆ្នាំ១៩៦២ (Trade Expansion Act of 1962)។ នោះគឺដូចនឹងច្បាប់ដែលលោក Trump បានប្រើក្នុងអាណត្តិដំបូងរបស់លោក ក្នុងការដំឡើងពន្ធជាសកល ២៥ភាគរយ លើដែកថែប និងអាលុយមីញ៉ូម ហើយដូចនឹងចំណាត់ការមួយទៀតដែលលោកបានប្រើកាលពីខែកុម្ភៈ ដើម្បីចាប់ផ្តើមស៊ើបអង្កេតពីលទ្ធភាពនៃការដំឡើងពន្ធលើទង់ដែង។
លោក Trump បានឲ្យដឹងនៅក្នុងក្រឹត្យនោះថា ការពឹងផ្អែករបស់សហរដ្ឋអាមេរិកលើការនាំចូលសារធាតុរ៉ែ «បង្កើននូវលទ្ធភាពនៃការមានហានិភ័យដល់សន្តិសុខជាតិ ការត្រៀមខ្លួនលើវិស័យការពារជាតិ ស្ថិរភាពតម្លៃ ហើយនិងវិបុលភាពសេដ្ឋកិច្ច និងភាពធន់»៕