
ដោយដកស្រង់សម្ដីពីបុគ្គលដែលដឹងពីកិច្ចការនេះ ទីភ្នាក់ងារសារព័ត៌មាន Bloomberg នៅថ្ងៃពុធ (ទី១៦ ខែមេសា) បានរាយការណ៍ថា សហរដ្ឋអាមេរិកបានកាត់បន្ថយការប៉ាន់ប្រមាណនូវការចំណាយរបស់ខ្លួន សម្រាប់ជំនួយដែលផ្តល់ដល់ប្រទេសអ៊ុយក្រែន គិតចាប់តាំងពីមានការលុកលុយរបស់រុស្ស៊ីក្នុងឆ្នាំ២០២២ មកនៅប្រហែល ១០០ពាន់លានដុល្លារ ពោលគឺទម្លាក់ពី ៣០០ពាន់លានដុល្លារ។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងប្រឹងប្រែងឲ្យបានឈានដល់កិច្ចព្រមព្រៀងរ៉ែទ្វេភាគី ដែលជាផ្នែកមួយនៃការជំរុញឲ្យមានសន្តិភាព ដើម្បីបញ្ចប់សង្រ្គាមរបស់រុស្ស៊ី នៅអ៊ុយក្រែន។ ហើយលោក Trump ក៏មើលឃើញដែរថា នេះជាមធ្យោបាយមួយ ដើម្បីទាញយកប្រាក់រាប់ពាន់លានដុល្លារដែលបានចំណាយលើជំនួយយោធា សម្រាប់ទីក្រុងគីវ ទោះបីជាជំនួយទាំងនោះមិនមែនជាប្រាក់កម្ចីក៏ដោយ។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃអង្គារថា កិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក ទាក់ទងនឹងកិច្ចព្រមព្រៀងរ៉ែ គឺប្រព្រឹត្តទៅ «ប្រកបដោយភាពវិជ្ជមាន» ហើយថាកិច្ចប្រជុំជាច្រើនទៀតត្រូវបានរំពឹងទុក។ សេតវិមានមិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយរបស់សារព័ត៌មាន Reuters ពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍នេះ។
កាលពីខែមុន រដ្ឋបាលរបស់លោក Trump បានស្នើកិច្ចព្រមព្រៀងរ៉ែថ្មី និងពង្រីកបន្ថែមទៀត ជាមួយអ៊ុយក្រែន ដែលជាសំណើមិនបានផ្តល់ឲ្យអ៊ុយក្រែននូវការធានាផ្នែកសុវត្ថិភាពនាពេលខាងមុខឡើយ ប៉ុន្តែតម្រូវឲ្យមានការដាក់ជាមូលនិធិវិនិយោគរួមគ្នានៃប្រាក់ចំណូលទាំងអស់ ដែលបានមកពីការរុករកធនធានធម្មជាតិដោយសហគ្រាសរដ្ឋ និងឯកជន នៅទូទាំងដែនដីអ៊ុយក្រែន៕