ភ្នំពេញ៖ ប្រទេសកម្ពុជា និងប្រទេសចិន បានបញ្ជាក់ជាថ្មី លើការជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឡើងដល់ ១០ប៊ីលានដុល្លារ នៅឆ្នាំ២០២៣ខាងមុខ ស្របពេលដែលប្រទេសទាំងពីរ នឹងអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនៅដើមឆ្នាំក្រោយ។
ការបញ្ជាក់នេះ បានធ្វើឡើងក្នុងជំនួបទ្វេភាគីរវាងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិននៅប្រទេសចិន។
យោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម ក្នុងរយៈពេលចំនួន១០ខែ ក្នុងឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មទ្វេភាគី រវាងចិននិងកម្ពុជា មានចំនួនទឹកប្រាក់កើនរហូតដល់ ៨ ៩៣១ លានដុល្លារអាមេរិក មានកំណើន ៣៨.៥៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ស្ដីពីលទ្ធផលនៃទស្សនកិច្ចរបស់ ឯកឧត្តម ប្រាក់ សុខុន ទៅកាន់ខេត្តជឺជាំង ប្រទេសចិន នាថ្ងៃទី៣-៥ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ប្រមុខការទូតកម្ពុជា-ចិន បានកត់សម្គាល់ដោយការ ពេញចិត្តនូវការរីកចំរើននៃពាណិជ្ជកម្មទ្វេភាគី ក្នុងអំឡុងពេលនៃជំងឺរាតត្បាតសាកលកូវីដ-១៩។
ភាគីទាំងពីរ បានសម្តែងការអបអរសាទរ ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ នៅដើមឆ្នាំក្រោយ ហើយបានប្តេជ្ញាចិត្តនឹងទាញយកប្រយោជន៍ឱ្យបានច្រើនពីកិច្ចព្រមព្រៀងទាំងពីរខាងលើ ដើម្បីជំរុញពាណិជ្ជកម្ម ទ្វេភាគីរវាងប្រទេសទាំងពីរឱ្យដល់ ១០ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ២០២៣។
នៅក្នុងដំណើរទស្សនកិច្ចនេះ រដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីពី ការត្រួតពិនិត្យអនាម័យសត្វ និងភូតគាមអនាម័យ និង សុវត្ថិភាពចំណីអាហារ រវាងកម្ពុជា និងចិនផងដែរ៕
អត្ថបទ៖ វណ្ណៈ



