ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ (១៧ មេសា) នេះថា កូរ៉េខាងជើង បានរិះគន់ខ្លាំងៗលើសហរដ្ឋអាមេរិក ចំពោះការដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-1B នៅក្នុងសមយុទ្ធយោធារួមគ្នានាពេលថ្មីៗនេះនៅក្នុងប្រទេសកូរ៉េខាងត្បូង។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលធ្វើឡើងដោយប្រព័ន្ធផ្សព្វផ្សាយ KCNA អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងជើង បាននិយាយថា ការដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់អាមេរិក នៅក្នុងតំបន់ បានក្លាយទៅជា "ការអនុវត្តយោធាជាទម្លាប់" ខណៈដែលហៅសកម្មភាពនេះថាជា "ចេតនាបោកបញ្ឆោតដែលគ្មានការប្រុងប្រយ័ត្ន"។

យោងតាមក្រសួងការពារជាតិរបស់ទីក្រុងសេអ៊ូល បានឱ្យដឹងថា យន្តហោះទម្លាក់គ្រាប់បែក B-1B ត្រូវបានប្រើប្រាស់នៅក្នុងសមយុទ្ធយោធារួមគ្នារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដែលធ្វើឡើងកាលពីថ្ងៃអង្គារសប្ដាហ៍នេះ រួមជាមួយយន្តហោះចម្បាំងជាច្រើនគ្រឿងផ្សេងទៀត។

គួរឱ្យដឹងថា យន្តហោះ B-1B ត្រូវបានដាក់បង្ហាញនៅក្នុងសមយុទ្ធយោធារួមគ្នាក្នុងប៉ុន្មានឆ្នាំថ្មីៗរវាងសម្ព័ន្ធមិត្តទាំងពីរនេះ ដែលកូរ៉េខាងជើងបានរិះគន់ជាយូរមកហើយថាជាការហាត់សមត្រៀមសម្រាប់ធ្វើសង្គ្រាមប្រឆាំងនឹងខ្លួន ខណៈដែលទីក្រុងសេអ៊ូល បានហៅសមយុទ្ធនេះថាជាការការពារខ្លួនសុទ្ធសាធ៕