ប្រធានាធិបតីអាមេរិក លោក Donald Trump បានលើកឡើងពី "វឌ្ឍនភាពដ៏ធំ" នៅពេលលោកចាត់វិធានការដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីថ្ងៃពុធ (១៦ មេសា) ក្នុងការចរចាដោយផ្ទាល់ជាមួយគណៈប្រតិភូពាណិជ្ជកម្មជប៉ុន នៅទីក្រុងវ៉ាស៊ីនតោន អំពីរបាំងពន្ធ ដែលលោកបានដាក់លើការនាំចូលសកលដ៏ទូលំទូលាយ ទោះជាត្រូវបានផ្អាក ៩០ថ្ងៃរួចហើយក្ដី។

ជប៉ុនគឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលចាប់ផ្តើមកិច្ចចរចាពន្ធជាផ្លូវការ ដែលជាការសាកល្បងដំបូងនៃឆន្ទៈរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការបោះបង់កាតព្វកិច្ចពន្ធ ដែលបានធ្វើឱ្យទីផ្សារហិរញ្ញវត្ថុកក្រើក និងបង្កឱ្យមានការភ័យខ្លាចនៃវិបត្តិសេដ្ឋកិច្ច។

លោក Trump បាននិយាយនៅក្នុងសារប្រព័ន្ធផ្សព្វផ្សាយសង្គមថា "ជាកិត្តិយសដ៏អស្ចារ្យដែលទើបតែបានជួបជាមួយគណៈប្រតិភូជប៉ុនស្តីពីពាណិជ្ជកម្ម ហើយមានវឌ្ឍនភាពដ៏ធំ!" ប៉ុន្តែមិនបង្ហាញព័ត៌មានលម្អិតនៃការពិភាក្សាទេ។

មន្រ្តីជាន់ខ្ពស់ជប៉ុន ដែលចូលរួមកិច្ចពិភាក្សាជាមួយលោក Trump កាលពីថ្ងៃពុធនោះគឺលោក Ryosei Akazawa ដែលជាសម្ព័ន្ធមិត្តរបស់លោកនាយករដ្ឋមន្ត្រីជប៉ុន Shigeru Ishiba។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Akazawa បាននិយាយថា ភាគីទាំងពីរយល់ព្រមរៀបចំកិច្ចប្រជុំលើកទីពីរនៅចុងខែនេះ ហើយថា លោក Trump ចាត់ទុកកិច្ចព្រមព្រៀងជាមួយជប៉ុន ជា "អាទិភាពចម្បង"។
ជប៉ុន រងពន្ធបដិការ ២៤% លើការនាំចេញរបស់ខ្លួនទៅអាមេរិក។ ទោះបីជាអត្រាទាំងនេះ រួមទាំងពន្ធភាគច្រើនរបស់លោក Trump ត្រូវផ្អាក ៩០ថ្ងៃក៏ដោយ ប៉ុន្តែអត្រាសកល ១០% នៅតែមាន រួមទាំងពន្ធ ២៥% សម្រាប់រថយន្ត ដែលជាកត្តាជំរុញចម្បងនៃសេដ្ឋកិច្ចដែលពឹងផ្អែកលើការនាំចេញរបស់ជប៉ុន៕