ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយកាលពីថ្ងៃពុធ (១៦ មេសា) ថា ជនជាតិប៉ាឡេស្ទីនកន្លះលាននាក់ ពោលគឺប្រហែល ៥០០.០០០នាក់ ត្រូវបង្ខំចិត្តរត់ភៀសខ្លួននៅក្នុងតំបន់ហ្កាហ្សាស្រ្ទីបដ៏តូចចង្អៀត ចាប់តាំងពីអ៊ីស្រាអែល ចាប់ផ្តើមការវាយលុកឡើងវិញ បន្ទាប់ពីបំផ្លាញបទឈប់បាញ់ជាមួយក្រុមហាម៉ាស។

គួរឱ្យដឹងថា កងទ័ពអ៊ីស្រាអែល បានបន្តការវាយប្រហារជាថ្មីរបស់ខ្លួនលើតំបន់ហ្កាហ្សា នៅថ្ងៃទី១៨ ខែមីនា ដោយបានបំផ្លាញបទឈប់បាញ់នៅថ្ងៃទី១៩ ខែមករា និងកិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោស និងចំណាប់ថ្នូរ ហើយការចរចាថ្មីលើបញ្ហានេះនៅតែជាប់គាំង។
លោក Stephanie Tremblay អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បាននិយាយថា "ដៃគូមនុស្សធម៌របស់ UN បានប៉ាន់ប្រមាណថា ចាប់តាំងពីថ្ងៃទី១៨ ខែមីនា មនុស្សប្រហែលកន្លះលាននាក់ត្រូវភៀសខ្លួន និងផ្លាស់ទីលំនៅថ្មី ឬត្រូវបង្ខំឱ្យចាកចេញពីកន្លែងស្នាក់នៅបណ្ដោះអាសន្នម្តងហើយម្ដងទៀត"។

ជាមួយគ្នានេះ ប្រជាជនប៉ាឡេស្ទីនលើសពី ៥១.០០០នាក់ ត្រូវបានសម្លាប់នៅហ្កាហ្សា នៅក្នុងការវាយលុកដ៏បង្ហូរឈាមរបស់អ៊ីស្រាអែល ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ មក ដែលភាគច្រើនជាស្ត្រី និងកុមារ នេះបើតាមតួលេខពីអាជ្ញាធរប៉ាឡេស្ទីន៕