ប្រទេសចិន កាលពីសប្តាហ៍មុនបានប្រកាសថា ខ្លួនបានសងសឹកប្រឆាំងនឹងពន្ធរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ដោយព្រមានថា ការដំឡើងបន្ថែមទៀតដោយទីក្រុងវ៉ាស៊ីនតោន នឹងក្លាយជា "រឿងកំប្លែង និងគ្មានន័យ" ហើយចិន នឹង "មិនអើពើ" ឡើយ។ ជំនួសឱ្យការបន្តផ្តោតលើការយកពន្ធទំនិញ ពេលនេះ ទីក្រុងប៉េកាំងបានជ្រើសរើសងាកទៅរកវិធានការផ្សេងទៀត រួមទាំងជំហានដែលផ្តោតលើសេវាកម្មអាមេរិក និងវិស័យផ្សេងទៀតផងដែរ។

ខណៈរដ្ឋបាលលោក Trump ផ្តោតសំខាន់លើការបន្តទៅមុខជាមួយនឹងផែនការពន្ធ ចិនបានដាក់ចេញនូវវិធានការរឹតត្បិតមិនពន្ធជាបន្តបន្ទាប់ រួមទាំងការពង្រីកគ្រប់គ្រងការនាំចេញរ៉ែកម្រ និងបើកការស៊ើបអង្កេតប្រឆាំងទំនុកចិត្តលើក្រុមហ៊ុនអាមេរិកជាច្រើន ដូចជាស្ថាប័នឱសថខ្នាតយក្ស DuPont និងវិស័យ IT ធំៗដូចជា Google ជាដើម។

មុនពេលមានភាពតានតឹងពន្ធចុងក្រោយនេះ ទីក្រុងប៉េកាំង ក្នុងខែកុម្ភៈ បានដាក់អាជីវកម្មអាមេរិករាប់សិបស្ថាប័ននៅក្នុងបញ្ជី "អង្គភាពមិនអាចជឿទុកចិត្តបាន" រួចទៅហើយ ដែលនឹងដាក់កម្រិត ឬហាមឃាត់ក្រុមហ៊ុនទាំងនោះមិនឱ្យធ្វើពាណិជ្ជកម្មជាមួយ ឬវិនិយោគនៅចិន។

គួរឱ្យដឹងថា លោក Trump បានបង្កើនពន្ធរបស់អាមេរិក លើទំនិញជ្រើសរើសមួយចំនួនពីចិន រហូតដល់ ២៤៥% បន្ទាប់ពីវិធានការតបតទៅមកជាច្រើនជុំជាមួយទីក្រុងប៉េកាំង ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ មុនពេលហៅជំហានទាំងនេះថាជា "ល្បែងតួលេខលេខគ្មានន័យ" ប្រទេសចិន កាលពីសប្តាហ៍មុន បានដាក់ពន្ធបន្ថែមលើការនាំចូលពីអាមេរិករហូតដល់ ១២៥% សងសឹកវិញ៕