អាជ្ញាធរបាននិយាយថា កូនប្រុសរបស់ស្នងការរងម្នាក់ បានបាញ់សម្លាប់មនុស្ស ២នាក់ និងបង្ករបួស ៤នាក់ទៀត នៅឯសាកលវិទ្យាល័យរដ្ឋ Florida ហៅកាត់ថា FSU របស់សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ (១៧ មេសា) មុនពេលជនដៃដល់រូបនោះត្រូវបានបាញ់ដោយមន្រ្តីនគរបាល និងត្រូវបញ្ជូនទៅមន្ទីរពេទ្យ។

នគរបាលជឿថា ខ្មាន់កាំភ្លើង ដែលជាកូនប្រុសរបស់ស្នងការរងតំបន់ Leon រូបនោះ បានធ្វើសកម្មភាពបាញ់ប្រហារតែម្នាក់ឯង ហើយហេតុផលមិនត្រូវបានដឹងទេ។ ជនសង្ស័យបានប្រើប្រាស់កាំភ្លើងខ្លីរបស់ម្តាយខ្លួន ដែលធ្លាប់ជាអាវុធការងារ ប៉ុន្តែក៏ត្រូវបានទិញធ្វើជាអាវុធផ្ទាល់ខ្លួនពីនាយកដ្ឋាននគរបាល។

លោក Jason Trumbower ប្រធានកងកម្លាំងនគរបាលរបស់សាកលវិទ្យាល័យ បាននិយាយថា ជនសង្ស័យវ័យ ២០ឆ្នាំនោះ ត្រូវបានកំណត់អត្តសញ្ញាណថាឈ្មោះ Phoenix Ikner ហើយគេជឿថាជានិស្សិតនៅសាកលវិទ្យាល័យ FSU ក្នុងក្រុង Tallahassee របស់រដ្ឋ Florida។ មនុស្សពីរនាក់ដែលត្រូវបាញ់សម្លាប់នោះមិនមែនជានិស្សិតទេ។
ការបាញ់ប្រហារកើតឡើងនៅម៉ោងប្រហែល ១១:៥០នាទីព្រឹក (ម៉ោងក្នុងស្រុក) នៅជិតអគារសហជីពនិស្សិតក្នុងបរិវេណសាលា FSU ដែលមានសិស្សជាង ៤២.០០០នាក់ ស្ថិតក្នុងថ្នាក់រៀននៅអគារធំ។ អាជ្ញាធរនិយាយថា មន្ត្រីនគរបាលបាញ់ខ្មាន់កាំភ្លើង ដោយសារគេមិនព្រមប្រគល់ខ្លួនឱ្យឃុំឃាំង ខណៈការស៊ើបអង្កេតកំពុងបន្ត៕