ភ្លៀងធ្លាក់យ៉ាងខ្លាំងក្លាកាលពីថ្ងៃព្រហស្បតិ៍ (១៧ មេសា) បានវាយប្រហារតំបន់ Piedmont ភាគខាងជើងរបស់ប្រទេសអ៊ីតាលី ដោយបង្កឱ្យមានបំណាក់ដីដ៏ធំ និងទឹកជំនន់យ៉ាងរីករាលដាល ហើយក្រុមពន្លត់អគ្គិភ័យជាង ៤០០នាក់ ត្រូវបានដាក់ពង្រាយដើម្បីជួយសង្រ្គោះ។

វីដេអូដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយ បង្ហាញពីអ្នកពន្លត់អគ្គិភ័យកាយភក់ចេញពីលំនៅឋាន ហើយរថយន្តសង្គ្រោះបន្ទាន់កំពុងប្រតិបត្តិការនៅតំបន់លិចទឹកនៅ Piedmont ខណៈភ្លៀងធ្លាក់ខ្លាំងបាននាំមកនូវការជន់លិច ការបិទផ្លូវ និងការខូចខាតទ្រព្យសម្បត្តិនៅទូទាំងប្រទេស។

ក្រុមពន្លត់អគ្គភ័យនិយាយថា ពួកគេបានប្រតិបត្តិការអស់ជាង ៤០ម៉ោងរវាងតំបន់ Biella, Verbania, Torino និង Vercelli ក្នុងតំបន់ Piedmont ដ៏ធំ។ នាយកដ្ឋានការពារស៊ីវិលអ៊ីតាលី និយាយថា ភ្លៀងរហូតដល់ ៤០០មីលីម៉ែត្រ ត្រូវបានកត់ត្រាក្នុងពេល ២៤ម៉ោងនៅក្នុងខេត្ត Vercelli និង Biella។
តំបន់ភាគច្រើននៅភាគខាងជើងអ៊ីតាលី បន្តស្ថិតក្នុងការជូនដំណឹងអាកាសធាតុពណ៌លឿង សម្រាប់ថ្ងៃសុក្រ ១៨ មេសា នេះ ខណៈការជូនដំណឹងពណ៌លឿងទុំ និងក្រហម ត្រូវបានដាក់សម្រាប់តំបន់ Lombardy ដោយសារហានិភ័យនៃការបំផ្លិចបំផ្លាញពីព្យុះភ្លៀងដ៏គ្រោះថ្នាក់៕