ខណៈដែល ឯកឧត្តម ស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃ នៅប្រទេសកម្ពុជា។ ភាគីសហជីព និងសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានលើកឡើងដោយសង្ឃឹមថា នឹងនាំមកនូវអ្នកវិនិយោគធំៗជាច្រើនថែមទៀតមកវិនិយោគនៅកម្ពុជា ដោយសារថ្នាក់ដឹកនាំប្រទេសទាំងពីរ បានបង្ហាញផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក។
លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) នៅក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី១៨ ខែមេសានេះ បានលើកឡើងថា នេះគឺជាមោទនភាពជាទីបំផុតសម្រាប់កម្ពុជា ដែលមានប្រធានាធិបតីមហាអំណាចចិន បានអញ្ជើញទស្សនកិច្ចនៅកម្ពុជា ដែលបង្ហាញថា ជាការបង្កើននូវកិច្ចសហប្រតិបត្តិកាកាន់តែល្អប្រសើរឡើងមួយកម្រិតទៀតររវាងប្រទេសទាំងពីរ។
លោកសង្ឃឹម និងជឿជាក់ថា រាជរដ្ឋាភិបាលទាំងពីរ នឹងមានកិច្ចសហប្រតិបត្តិការល្អ និងបង្កើននូវអ្នកវិនិយោគសម្រាប់កម្ពុជា ដើម្បីឲ្យកម្ពុជាកាន់តែមានការងារសម្រាប់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាកម្មករនិយោជិតទាំងអស់មានការងារធ្វើឲ្យបានច្រើនលើសលុប។ លោកជឿជាក់ទៀតថា ប្រទេសនឹងសម្បូរទៅដោយអ្នកវិនិយោគគ្រប់វិស័យទាំងអស់ ខណៈនៅកម្ពុជា ក៏កំពុងតែត្រូវការអ្នកវិនិយោគជាច្រើនថែមទៀត ដើម្បីបណ្តាក់ទុន និងវិនិយោគ។ ដោយឡែក សម្រាប់ប្រជាពលរដ្ឋទាំងអស់ ក៏ត្រូវការបង្កើននូវមុខរបរដូចគ្នាផងដែរ។
ស្រដៀងគ្នានេះ អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានលើកឡើងនូវក្តីរំពឹងទុកនិងជឿជាក់ថា តាមរយៈដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិននៅកម្ពុជានាពេលនេះ នឹងនាំមកនូវអ្នកវិនិយោគធំៗរបស់រដ្ឋរបស់ឯកជន នៃប្រទេសមហាអំណាចប្រទេសចិន អាចនឹងកើននៃអ្នកវិនិយោគយ៉ាងគំហុគ យ៉ាងធំធេង យ៉ាងច្រើននៅប្រទេសកម្ពុជា ដោយសារថ្នាក់ដឹកនាំកំពូលប្រទេសទាំងពីរ កម្ពុជា-ចិន មានការទំនាក់ទំនងតាំងពីជំនាន់ព្រះបរមរតនកោដ រហូតមកដល់ជំនាន់សម្តេចតេជោ ហ៊ុន សែន និងមកដល់បច្ចុប្បន្នក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។
អ្នកឧកញ៉ា ជឿជាក់ទៀតថា ទំនាក់ទំនង រវាងថ្នាក់ដឹកនាំកំពូលប្រទេសទាំងពីរ កម្ពុជា-ចិន អាចឈានទៅដល់កម្រិតកំពូលមិត្តដែកថែប លើសពីដែកថែបទៀត ម្ល៉ោះហើយអ្នកវិនិយោគលំហូរចូលមកវិស័យឧស្សាហកម្មកាត់ដេរ ដូចជាវិស័យស្បែកជើងជាដើម នឹងអាចជួយបានច្រើនមែនទែនដល់ប្រទេសកម្ពុជា។
យោងតាមលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៧ ដល់១៨ ខែមេសា ឆ្នាំ២០២៥នេះ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះ មិនត្រឹមតែបានបញ្ជាក់សាជាថ្មីពីការប្តេជ្ញាចិត្តឥតងាករេចំពោះទំនាក់ទំនងមិត្តភាពដែកថែបរវាងកម្ពុជា និងចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រឹងនិងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ រវាងប្រទេសទាំងពីរ៕អត្ថបទ៖ ឈិត បូរ៉ាវី







