ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ដ្រី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន បានបញ្ជាក់ថា ការរៀបចំពិធីវាយកូនហ្គោលមិត្តវិស័យមីន និងទទួលទានអាហារសាមគ្គី ក្នុងក្របខណ្ឌគ្រួសារវិស័យមីន នៅទីលានវាយកូនហ្គោលហ្គាដិនស៊ីធី កាលពីថ្ងៃទី០៤ ខែធ្នូ កន្លងមកនេះ បានទទួលដោយជោគជ័យគួរជាទីមោទនៈ។
កម្មវិធីនេះ មានការចូលរួមពីទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ថ្នាក់ដឹកនាំពីក្រសួងស្ថាប័ននានា អង្គទូតប្រចាំកម្ពុជា ដៃគូរអភិវឌ្ឍន៍ អង្គការសប្បុរសធម៌ សមាគម និងវិស័យឯកជនជាតិ/អន្តរជាតិ និងមិត្ដវិស័យមីនជាច្រើនទៀតចូលរួមផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ដ្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមហ៊ុនឯកជនមួយចំនួនដែលចូលរួមឧបត្ថម្ភគាំទ្រដល់ដំណើរការរៀបចំព្រឹត្តិការណ៍នេះកើតឡើង ដោយទទួលការអបអរសាទរពីមិត្តវិស័យមីនទាំងអស់ រួមមាន៖
១/. លោក Larry Kao អ្នកគ្រប់គ្រងប្រចាំប្រទេសនៃ Manhattan & Medtecs
២/. Prince Foundation
៣/. លោក Mao Saravuth នាយកប្រតិបត្តិនៃក្រុមហ៊ុន IQPS Trading
៤/. លោក Anthony S. Gadlardi អ្នកគ្រប់គ្រងប្រចាំប្រទេសនៃក្រុមហ៊ុន SEARA Sports Systems
៥/. លោក Luis Moniz នាយកគ្រប់គ្រងនៃក្រុមហ៊ុន HGB luxury Division
៦/. លោក Mr T. Mohan នាយកគ្រប់គ្រងសារព័ត៌មាន Khmer Times
៧/. លោក Sochhath Gno អ្នកគ្រប់គ្រងសាខានៃក្រុមហ៊ុន SCG
៨/. លោក Salah Essa នាយកក្រុមហ៊ុន Management Venture Asia (Cambodia) Co. Ltd
ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ដ្រី លី ធុជ បានបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍នេះ គឺដើម្បីអំពាវឲ្យមានការយកចិត្តទុកដាក់បន្ថែម និងបន្តជួយគាំទ្រដល់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ក្នុងគោលដៅឱ្យកម្ពុជារួចចាកផុតទុក្ខពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក៏ដូចជាកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះឲ្យនៅកំរិតអប្បបរមា និងឈានទៅលប់បំបាត់ឲ្យអស់គ្រាប់មីនពីទឹកដីកម្ពុជានៅឆ្នាំ២០២៥ ដូចការតាំងចិត្តដែលមានចែងនៅក្នុងផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥។
ឯកឧត្តម បានបន្តទៀតថា "ការវាយគ្រាប់បាល់កាន់តែច្រើន ជំនាញរបស់អ្នកកាន់តែរីកចម្រើន ប៉ុន្ដែវាខុសពីការវាយគ្រាប់មីន ពេលអ្នកប៉ះគ្រាប់មីន អ្នកនឹងមិនមានឱកាសវាយវាម្តង ទៀតទេ ឬបើអ្នកនៅរស់ អ្នកនឹងមិនចង់វាយវាទៀតទេ..." រឿងនេះបានកើតឡើងចំពោះមនុស្សជិត ៦៥,០០០នាក់ ដែលត្រូវបានស្លាប់ ពិការ និងរងរបួសដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា។
ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការចូលរួមពីដៃគូអភិវឌ្ឍ ប្រទេសជាមិត្ត និងអង្គការសប្បុរសធម៌នានា ដែលបាននិងកំពុងផ្តល់វិភាគទានដ៏ថ្លៃថ្លា និងមានតម្លៃ បើគិតជាថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ ឧបករណ៍សម្ភារៈ និងការកសាងសមត្ថភាព សម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា ព្រមទាំងបានផ្តល់ភាពជាដៃគូយ៉ាងសំខាន់ៗ ក្នុងការចូលរួមការងារថែរក្សាសន្តិភាព ការសង្គ្រោះជីវិត ការកាត់បន្ថយភាពក្រីក្រ និងការស្តារសេដ្ឋកិច្ច-សង្គម ដែលអ្វីដែលសម្តេចតេជោ នាយករដ្ឋមន្រ្តី បានលើកឡើងថា “យើងទាំងអស់គ្នា បានចាប់ផ្តើមរួមគ្នា ហើយយើង នឹងបញ្ចប់ការងាររបស់យើងជាមួយគ្នា ដើម្បីឆ្ពោះទៅរកកម្ពុជាគ្មានមីនឆ្នាំ២០២៥ ខាងមុខ៕









