កាសែត New York Times បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ (១៧ មេសា) ថា សហរដ្ឋអាមេរិក បានចាប់ផ្តើមដកកងទ័ពរាប់រយនាក់ចេញពីភាគឦសានប្រទេសស៊ីរី។ ដោយសម្អាងដល់សម្ដីមន្ត្រីជាន់ខ្ពស់អាមេរិកពីរនាក់ កាសែតនេះបាននិយាយថា យោធាអាមេរិកកំពុងបិទមូលដ្ឋានប្រតិបត្តិការតូចៗចំនួន៣ ក្នុងចំណោមមូលដ្ឋានប្រតិបត្តិការចំនួន៨ របស់ខ្លួននៅភាគឦសាន និងកាត់បន្ថយតួលេខទាហានមកត្រឹមប្រហែល ១.៤០០នាក់ ពីតួលេខ ២.០០០នាក់ពីមុន។

មន្ត្រីនិយាយថា មេបញ្ជាការអាមេរិកនឹងវាយតម្លៃថាតើត្រូវកាត់បន្ថយទាហានបន្ថែមឬទេ បន្ទាប់ពី ៦០ថ្ងៃក្រោយ ហើយប្រមុខបញ្ជាការក៏បានផ្តល់អនុសាសន៍ឱ្យរក្សាទាហានយ៉ាងហោចណាស់ ៥០០នាក់នៅក្នុងស៊ីរី។
សេចក្ដីរាយការណ៍នេះនិយាយថា លោកប្រធានាធិបតីអាមេរិក Donald Trump បានសម្តែង "ការសង្ស័យយ៉ាងជ្រាលជ្រៅ" ពីការរក្សាទុកទាហានអាមេរិកនៅស៊ីរី។ លោក Trump បាននិយាយកាលពីចុងខែមករាថា អាមេរិក "នឹងធ្វើការប្តេជ្ញាចិត្ត" លើកងទ័ពនៅស៊ីរី បន្ទាប់ពីរបាយការណ៍ដែលលើកឡើងថា លោកមានបំណងដកកងកម្លាំងអាមេរិក។
New York Times បានឱ្យដឹងថា សម្រាប់ពេលនេះ ការកាត់បន្ថយដែលបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ គឺផ្អែកលើអនុសាសន៍របស់មេបញ្ជាការមូលដ្ឋាន ដើម្បីបិទ និងបង្រួបបង្រួមមូលដ្ឋាន ហើយត្រូវបានអនុម័តដោយមន្ទីរបញ្ចកោណ និងបញ្ជាការកណ្តាលរបស់ខ្លួន៕

