មេដឹកនាំចលនានេះ លោក Abdul-Malik al-Houthi បាននិយាយថា កងកម្លាំងប្រដាប់អាវុធអាមេរិកបានធ្វើការវាយប្រហារច្រើនជាង ៩០០លើក ក្នុងរយៈពេល ១ខែ កន្លងមកនេះ លើទឹកដីយេម៉ែន ដែលគ្រប់គ្រងដោយក្រុមហ៊ួទី Ansar Allah។
លោក al-Houthi បាននិយាយនៅក្នុងសន្ទរកថាដែលផ្សាយដោយទូរទស្សន៍ Al Masirah ថា៖«ក្នុងសប្តាហ៍នេះ សត្រូវបានបើកការវាយប្រហារជាង ២២០លើកខេត្តជាច្រើនរបស់យេម៉ែន ដោយប្រើយន្តហោះទម្លាក់គ្រាប់បែក B-2 និងយន្តហោះចម្បាំង F-18 ។ សរុបមក សហរដ្ឋអាមេរិក បានធ្វើការវាយប្រហារតាមអាកាស និងទម្លាក់គ្រាប់បែកជាង ៩០០លើក ចេញពីសមុទ្រ ក្នុងខែនេះ»។
លោកក៏បាននិយាយផងដែរថា កងកម្លាំងហ៊ួទី បានបើកការវាយប្រហារចំនួន ៧៨លើក លើទឹកដីអ៊ីស្រាអែល និងនាវាចម្បាំងរបស់សហរដ្ឋអាមេរិក នៅក្នុងសមុទ្រក្រហម ក្នុងអំឡុងពេលដូចគ្នានេះ។ យោងតាមមេដឹកនាំចលនា Ansar Allah ក្រុមនេះ បានប្រើប្រាស់យានដ្រូនជាង១៧០គ្រឿង មីស៊ីលតម្រង់គោលដៅ និងមីស៊ីលបាលីស្ទីក ក្នុងប្រតិបត្តិការជាច្រើន។
បន្ទាប់ពីបទឈប់បាញ់គ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ចូលជាធរមាន នៅតំបន់ហ្គាហ្សាស្ទ្រីប ក្រុមឧទ្ទាមយេម៉ែន បានផ្អាកការវាយប្រហារលើអ៊ីស្រាអែល ប៉ុន្តែបន្ទាប់ពីការបរាជ័យនៃបទឈប់បាញ់នោះមក ក្រុមហ៊ួទី បានបន្តវាយប្រហារលើនាវា ដែលពាក់ព័ន្ធជាមួយអ៊ីស្រាអែល និងលើគោលដៅ ក្នុងទឹកដីអ៊ីស្រាអែល។