សេវាកម្មសង្រ្គោះបន្ទាន់ និយាយថា ការវាយប្រហារមីស៊ីលរុស្ស៊ីលើទីក្រុងភាគឦសាន Kharkiv របស់អ៊ុយក្រែន បានសម្លាប់មនុស្សម្នាក់ និងមនុស្ស ៥៧នាក់ផ្សេងទៀត រងរបួសនៅព្រឹកថ្ងៃសុក្រនេះ ។
ពួកគេបាននិយាយនៅលើបណ្តាញព័ត៌មានសង្គម Telegramថា កុមារ ៥នាក់ ស្ថិតក្នុងចំណោមអ្នករងរបួសនៅក្នុងការវាយប្រហារនេះ ដែលបានធ្វើខូចខាតអគារផ្ទះល្វែងជាច្រើនខ្នង ស្ថាប័នអប់រំ និងសហគ្រាសឯកជនមួយកន្លែង ។
លោក Ihor Terekhov គឺជាអភិបាលក្រុង Kharkiv ដែលជាទីក្រុងធំបំផុតទី ២របស់អ៊ុយក្រែន និយាយថា ការវាយប្រហារខាងលើ បានធ្វើឲ្យខូចខាតអគារផ្ទះល្វែងចំនួន ១៥ខ្នង ។
គួរឲ្យដឹងថា កងកម្លាំងរុស្ស៊ីកំពុងព្យាយាមប្រើយុទ្ធសាស្ត្រថ្មី ដើម្បីវាយលុកទ្រង់ទ្រាយធំ ខណៈដែលទីក្រុងគីវ បានត្រៀមខ្លួនរួចរាល់ផងដែរ ក្នុងទប់ទល់ជាមួយគូសត្រូវធំបំផុតរបស់ខ្លួនមួយនេះ ។
ការបង្ហោះរូបភាពវីដេអូឃ្លីបពីទីបញ្ជាការភូមិភាគត្បូងរបស់យោធាអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ឃើញការវាយប្រហាររបស់រុស្សីដោយមានការចូលរួមពីទាហានចំនួន ៣២០នាក់ និងរថពាសដែក ៤០គ្រឿង ក្នុងតំបន់ជុំវិញភូមិជាច្រើនកន្លែង នៅសមរភូមិជួរមុខភាគខាងត្បូង ស្ថិតក្នុងតំបន់ Zaporizhzhia របស់អ៊ុយក្រែន ៕