ស៊ីរ៉ែនវាយឆ្មក់តាមផ្លូវអាកាស បានបន្លឺឡើងនៅទីក្រុងតែល អាវីវ នាថ្ងៃសុក្រនេះ ស្របពេលកងទ័ពអ៊ីស្រាអែល និយាយថា កាំជ្រួចផ្លោង ត្រូវបានបាញ់ចេញពីប្រទេសយេម៉ែន ។ សំឡេងស៊ីរ៉ែននេះ បានបន្លឺឡើងកាលពីវេលាម៉ោង ៥ និង ៣៦នាទីព្រឹក ម៉ោងក្នុងស្រុក ។
កងទ័ពអ៊ីស្រាអែល និយាយនៅលើបណ្តាញព័ត៌មានសង្គមរបស់ពួកគេថា ស៊ីរ៉ែនទាំងនេះ ត្រូវបានបន្លឺឡើង ដោយអនុលោមតាមពិធីសារនៅតាមតំបន់ជាច្រើនក្នុងប្រទេសអ៊ីស្រាអែល ក្រោយកាំជ្រួចផ្លោងត្រូវបានរកឃើញ ។
ពួកគេបន្តថា ប្រព័ន្ធការពារដែនអាកាស បានចុះប្រតិបត្តិការ ដើម្បីបាញ់ស្កាត់ទម្លាក់កាំជ្រួចផ្លោងទាំងអស់នេះ ។
ចាប់តាំងពីថ្ងៃទី ១៨ ខែមីនារហូតមក ពេលដែលកងកម្លាំងការពារជាតិអ៊ីស្រាអែល បើកការវាយប្រហារសារជាថ្មីលើគោលដៅក្រុមហាម៉ាសនៅតំបន់ហ្កាហ្សាស្រ្ទីប ក្រុមឧទ្ទាមហ៊ូធីនៅយេម៉ែន បានបាញ់មីស៊ីលបាលីស្ទិកជាង ២០គ្រាប់ និងយានដ្រូនជាច្រើនគ្រឿងទៀតលើអ៊ីស្រាអែល ។
ខណៈពេលនោះដែរ ការវាយប្រហាររបស់សហរដ្ឋអាមេរិកលើកំពង់ផែប្រេងឥន្ធនៈមួយ ក្នុងប្រទេសយេម៉ែន បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥៨នាក់ ដែលជាការវាយប្រហារដ៏សាហាវបំផុតមួយ ចាប់តាំងពីទីក្រុងវ៉ាស៊ីនតោន ចាប់ផ្តើមការវាយប្រហាររបស់ខ្លួន ទៅលើក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់មួយនេះ ៕