ក្រសួងការពារជាតិអាមេរិក បានបញ្ជាក់ពីចេតនារបស់ខ្លួន ក្នុងការកាត់បន្ថយកងកម្លាំងយោធា នៅក្នុងប្រទេសស៊ីរី ឲ្យទាហានឲ្យនៅតិចជាង ១.០០០នាក់ នៅក្នុងប៉ុន្មានខែខាងមុខនេះ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ឧបការីរដ្ឋមន្ត្រីការពារជាតិអាមេរិកទទួលបន្ទុកកិច្ចការសាធារណៈ លោក Sean Parnell។
សេចក្តីថ្លែងការណ៍ បានឲ្យដឹងថា៖«ការពង្រឹងកម្លាំងយោធានេះ ឆ្លុះបញ្ចាំងពីជំហានសំខាន់ៗ ដែលយើងបានធ្វើឆ្ពោះទៅរកការកម្ទេចក្រុមISIS និងសមត្ថភាពប្រតិបត្តិការក្នុងតំបន់ និងទូទាំងពិភពលោក។
យោងតាមសេចក្តីថ្លែងការណ៍ «ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក នឹងនៅតែត្រៀមខ្លួន ដើម្បីបន្តការវាយប្រហារប្រឆាំងនឹងសមាជិកដែលនៅសេសសល់របស់ក្រុម ISIS នៅក្នុងប្រទេសស៊ីរី»។
កាលពីថ្ងៃព្រហស្បតិ៍ សារព័ត៌មាន New York Times (NYT) ដែលដកស្រង់សម្តីប្រភព បានរាយការណ៍ថា កងទ័ពអាមេរិកនៅស៊ីរី អាចនឹងត្រូវបានកាត់បន្ថយទាហានដល់ទៅ ៥០០នាក់។ យោងតាមប្រភព បានឲ្យដឹងថា មូលដ្ឋានទ័ពអាមេរិកចំនួន ៣ ក្នុងចំណោម ៨ នៅភាគឦសានរបស់ប្រទេស អាចនឹងបិទ។
យោងតាមសារព័ត៌មាន Sky News Arabia សហរដ្ឋអាមេរិក បានចាប់ផ្តើមដកអង្គភាពពិសេសរបស់ខ្លួនចេញពីខេត្ត Deir ez-Zor។