សារព័ត៌មានក្នុងស្រុករាយការណ៍ថា មនុស្សយ៉ាងហោច ១១នាក់ រួមទាំងស្រ្តី និងកុមារ បានស្លាប់ ក្រោយអគារកម្ពស់ ៤ជាន់ បានបាក់រលំនៅក្នុងរដ្ឋធានីញូវដែល្លី ប្រទេសឥណ្ឌាកាលពីថ្ងៃសៅរ៍ ។
ហេតុការណ៍បាក់រលំអគារនេះ បានកើតឡើងនៅវេលាម៉ោង ៣ព្រឹកទាបភ្លឺ ម៉ោងក្នុងស្រុក នៅតំបន់ Mustafabad ស្ថិតក្នុងរដ្ឋធានីញូវដែល្លី ហើយក្រុមជួយសង្រ្គោះ រួមទាំងកងកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិ និងក្រុមនគរបាល បានចាប់ផ្តើមប្រតិបត្តិការរុករកមនុស្សបាត់ខ្លួនដែលគេសង្ស័យជាប់ខ្លួននៅក្រោមគំនរបាក់បែកអគារ ។
គ្រឿងចក្រ និងក្រុមជួយសង្រ្គោះ កំពុងព្យាយាមអស់ពីលទ្ធភាព ដើម្បីស្វែងរកអ្នករស់រាន ហើយពួកគេសង្រ្គោះបានមនុស្ស ១១នាក់ ដែលក្រោយមកត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែក ។
សូមបញ្ជាក់ថា ហេតុការណ៍បាក់រលំអគារ បានក្លាយជារឿងធម្មតាទៅហើយនៅក្នុងប្រទេសឥណ្ឌា ដោយសារសំណង់ចាស់ៗ ការសាងសង់ខុសច្បាប់ និងការថែទាំងអន់ ៕