ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កាលពីថ្ងៃសៅរ៍ (១៩ មេសា) បានស្នើឱ្យបន្តបទឈប់បាញ់ថ្ងៃបុណ្យ អ៊ីស្ទើរ (Easter) បណ្តោះអាសន្នរយៈពេលខ្លី ដែលប្រកាសដោយលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin រហូតទៅដល់ ៣០ថ្ងៃ ដោយហៅបទឈប់បាញ់បុណ្យ Easter ដ៏ខ្លីរបស់រុស្ស៊ីនេះ ថាជាការសាកល្បងនៃចេតនាពិតរបស់ខ្លួន។

គួរបញ្ជាក់ថា លោក Putin កាលពីថ្ងៃសៅរ៍ បានប្រកាសបទឈប់បាញ់ជាឯកតោភាគីសម្រាប់បុណ្យ Easter ក្នុងជម្លោះដែលកំពុងបន្តជាមួយអ៊ុយក្រែន។ មេដឹកនាំរុស្ស៊ីរូបនេះលើកឡើងថា កងទ័ពទីក្រុងមូស្គូ នឹងបញ្ឈប់រាល់ការប្រយុទ្ធគ្នាក្នុងពេល ៣០ម៉ោង ចាប់ពីម៉ោង ១៨:០០ ថ្ងៃសៅរ៍ (ម៉ោងក្នុងស្រុក) ដល់ពាក់កណ្តាលអធ្រាត្ររំលងថ្ងៃអាទិត្យ ២០ មេសា នេះ ដោយសង្កត់ធ្ងន់ថា លោកសង្ឃឹមថាអ៊ុយក្រែន និងធ្វើតាមដូចគ្នានេះ។
ក្រោយមកនៅថ្ងៃដដែលនោះ លោក Zelensky បាននិយាយថា បទឈប់បាញ់ ៣០ម៉ោងគឺមិនគ្រប់គ្រាន់ដើម្បីបង្កើតការជឿទុកចិត្តគ្នាទេ ដោយស្នើឱ្យជំនួសមកវិញនូវការបន្ត ៣០ថ្ងៃបន្ថែមទៀតនៃបទឈប់បាញ់បុណ្យ Easter នេះ ចាប់ពីថ្ងៃទី២០ មេសា។
លោក Zelensky បានសង្កត់ធ្ងន់ថា រយៈពេលឈប់បាញ់យូរជាងនេះ អាចបង្កើតឱកាសពិតប្រាកដសម្រាប់សន្តិភាព។ ទោះយ៉ាងណាក៏ដោយ លោកបានសង្កត់ធ្ងន់ថា ការវាយប្រហាររបស់រុស្ស៊ី នៅតែបន្តនៅលើសមរភូមិជួរមុខមួយចំនួនទោះមានបទឈប់បាញ់នេះក៏ដោយ ហើយកងកម្លាំងអ៊ុយក្រែន នៅតែមានការប្រុងប្រយ័ត្ន ដោយឆ្លើយតបទៅនឹងរាល់ការបាញ់ផ្លោងរបស់រុស្ស៊ី ដោយកម្លាំងតបតស្មើគ្នា៕

