អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានរាយការណ៍ពីវឌ្ឍនភាពដ៏ល្អ បន្ទាប់ពីកិច្ចចរចានុយក្លេអ៊ែរដោយប្រយោលជុំទីពីរ ដែលរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi ពិពណ៌នាថា "មានលក្ខណៈស្ថាបនា" ហើយនិយាយថា ភាគីទាំងពីរនឹងរៀបចំកិច្ចប្រជុំលើកទីបីបន្ថែមទៀតនៅក្នុងសប្តាហ៍ក្រោយដ៏ខ្លីខាងមុខនេះ។

លោក Araghchi បាននិយាយថា អ្នកជំនាញបច្ចេកទេសនឹងជួបប្រជុំគ្នានៅប៉ុន្មានថ្ងៃខាងមុខ ដោយបង្ហើបពីដំណើរឆ្ពោះទៅមុខក្នុងការចរចា មុនពេលកិច្ចពិភាក្សាជុំទីបី នៅអូម៉ង់ នៅថ្ងៃទី២៦ ខែមេសា សប្ដាហ៍ក្រោយនេះ។
មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូបបាននិយាយថា កិច្ចប្រជុំកាលពីថ្ងៃសៅរ៍ នៅទីក្រុងរ៉ូម មាន "វឌ្ឍនភាពល្អណាស់" ហើយបានបញ្ជាក់ពីការពិភាក្សាបន្តសម្រាប់សប្តាហ៍ក្រោយ ប៉ុន្តែមិនទាន់មានសេចក្តីរាយការណ៍ផ្លូវការរបស់អាមេរិក នៅឡើយទេអំពីកិច្ចប្រជុំនេះ។
គួរបញ្ជាក់ថា កិច្ចប្រជុំចុងក្រោយនេះកើតឡើងមួយសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីអ៊ីរ៉ង់ និងអាមេរិក បានជួបគ្នានៅទីក្រុង Muscat របស់អូម៉ង់ សម្រាប់កិច្ចពិភាក្សាកម្រិតខ្ពស់ជាលើកដំបូងរបស់ភាគីទាំងពីរ ចាប់តាំងពីលោកប្រធានាធិបតីអាមេរិក Donald Trump ក្នុងឆ្នាំ២០១៨ បានបោះបង់ចោលជាឯកតោភាគីនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរដ៏សំខាន់មួយ ដែលបានចុះហត្ថលេខា និងសម្របសម្រួលយ៉ាងលំបាក ដោយមហាអំណាចពិភពលោកក្នុងឆ្នាំ២០១៥៕

