មីយ៉ាន់ម៉ា៖ ទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ានិយាយថា មេដឹកនាំរបបយោធាមីយ៉ាន់ម៉ាបានកាត់បន្ថយការកាត់ទោស ជាប់ពន្ធនាគារមេដឹកនាំដែលត្រូវបានទម្លាក់ចេញពីតំណែងគឺលោកស្រី Aung San Suu Kyi មកនៅត្រឹមពីរឆ្នាំកាលពីល្ងាចថ្ងៃចន្ទ ទី៦ ខែធ្នូ បន្ទាប់ពីដំបូងបានកាត់ទោសជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំពីបទញុះញង់ប្រឆាំងនឹងយោធា និងបំពានវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃវីរុស COVID-19។

លោកស្រី Aung San Suu Kyi អាយុ ៧៦ឆ្នាំត្រូវបានឃុំខ្លួនចាប់តាំងពីក្រុមឧត្ដមសេនីយ៍បានធ្វើរដ្ឋប្រហារ និងទម្លាក់រដ្ឋាភិបាលកាលពីថ្ងៃទី១ ខែកុម្ភៈ ដោយបញ្ចប់រយៈពេលខ្លីនៃលទ្ធិប្រជាធិបតេយ្យ របស់ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ។ ចាប់តាំងពីពេលនោះមក លោកស្រីត្រូវបានរងការចោទប្រកាន់ជាបន្តបន្ទាប់ រួមទាំងការបំពានលើច្បាប់សម្ងាត់ផ្លូវការ ការនាំចូលវិទ្យុទាក់ទងខុសច្បាប់ និងការលួចបន្លំការបោះឆ្នោត។ អ្នកនាំពាក្យរបបយោធាលោក Zaw Min Tun បានប្រាប់សារព័ត៌មាន AFP តាមទូរស័ព្ទថា កាលពីថ្ងៃចន្ទលោកស្រី Aung San Suu Kyi ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំពីបទញុះញង់ប្រឆាំងនឹងយោធា និងរយៈពេល ២ឆ្នាំទៀតសម្រាប់ការបំពានច្បាប់គ្រោះធម្មជាតិទាក់ទងនឹងវីរុស COVID-19។
អតីតប្រធានាធិបតីលោក Win Myint ក៏ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំផងដែរពីបទចោទប្រកាន់ដូចគ្នា ដែលសហរដ្ឋអាមេរិកបានរិះគន់ថាជា "ការមើលស្រាល" ចំពោះយុត្តិធម៌។ ក្រុមបាតុករមួយក្រុមតូចបានប្រមូលផ្តុំគ្នា ប្រឆាំងនឹងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ានៅទីក្រុង Mandalay កាលពីថ្ងៃចន្ទ ប៉ុន្មានម៉ោងបន្ទាប់ពីតុលាការពិសេសបានកាត់ទោសមេដឹកនាំ ដែលត្រូវបានបណ្តេញចេញពីអំណាចលោកស្រី Aung San Suu Kyi ឱ្យជាប់ពន្ធនាគារ បន្ទាប់ពីបានរកឃើញថា លោកស្រីមានទោសពីបទញុះញង់ និងរំលោភលើវិធានការរឹតបន្តឹងការចម្លងវីរុសកូរ៉ូណាឬ COVID-19៕
អត្ថបទ៖ សុខមាន