អ៊ីរ៉ង់កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានចោទប្រកាន់អ៊ីស្រាអែលថាកំពុងព្យាយាមបំផ្លិចបំផ្លាញកិច្ចចរចា កំពុងបន្តជាមួយសហរដ្ឋអាមេរិកស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ដែលជាចំណុចសំខាន់នៃភាពតានតឹងជាមួយលោកខាងលិច។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmail Baqaei បានប្រាប់អ្នកយកព័ត៌មានថា សម្ព័ន្ធភាពមួយកំពុងបង្កើត ដើម្បីធ្វើឱ្យខូច និងរំខានដល់ដំណើរការការទូត ដោយនិយាយថាអ៊ីស្រាអែលជាអ្នកនៅពីក្រោយរឿងនេះ។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា ទន្ទឹមនឹងនោះវាជាចរន្តដែលកំពុងឡើងកម្តៅជាបន្តបន្ទាប់នៅសហរដ្ឋអាមេរិក និងបង្កឡើងពីបក្សពួកផ្សេងៗ។

សារព័ត៌មាន New York Times បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីអាមេរិកលោក Donald Trump បានរារាំងអ៊ីស្រាអែលពីការវាយលុកទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ក្នុងរយៈពេលដ៏ខ្លី ជំនួសឱ្យការជំរុញឱ្យមានវិធីសាស្រ្តការទូតដើម្បីដោះស្រាយបញ្ហានេះ។
អ៊ីរ៉ង់ និងអាមេរិក បានធ្វើការចរចាពីរជុំ ដែលលើកទីមួយនៅអូម៉ង់កាលពីពីរសប្តាហ៍មុន និងលើកទីពីរនៅទីក្រុងរ៉ូម កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ជំនួបជុំទី៣ ត្រូវបានកំណត់សម្រាប់ថ្ងៃសៅរ៍ខាងមុខនេះ។
លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានទទូចជាយូរមកហើយថា អ៊ីស្រាអែលនឹងមិនអនុញ្ញាតឱ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរឡើយ ហើយត្រូវបានជំទាស់យ៉ាងខ្លាំងចំពោះកិច្ចចរចាណាមួយដែលមិននាំឱ្យអ៊ីរ៉ង់យល់ព្រមចំពោះ "កិច្ចព្រមព្រៀងបែបលីប៊ី" ដែលកម្មវិធីនុយក្លេអ៊ែរទាំងមូលរបស់ទីក្រុងតេអេរ៉ង់ ទាំងយោធា និងស៊ីវិល នឹងត្រូវរំសាយចោលទាំងស្រុង៕