ក្រសួងឧតុនិយមឥណ្ឌា (IMD) នៅថ្ងៃអង្គារ (២២ មេសា) នេះ បានចេញ "ការជូនដំណឹងពណ៌លឿង" សម្រាប់ផ្នែកជាច្រើននៃភាគខាងជើងប្រទេសឥណ្ឌា និងបានចេញការព្រមានពីរលកកម្ដៅខ្លាំងក្លាសម្រាប់ភាគខាងជើង និងកណ្តាលនៃប្រទេសឥណ្ឌា ខណៈសីតុណ្ហភាពដ៏ខ្លាំងក្លាអាចបន្តរហូតដល់ជិតចុងសប្ដាហ៍។

អាជ្ញាធរឥណ្ឌា ដាក់ចេញ 'ការជូនដំណឹងពណ៌លឿង' សម្រាប់រដ្ឋជាច្រើន រួមទាំងរដ្ឋ South Uttar Pradesh និង Haryana ជាដើម ហើយតំបន់ទាំងនោះនឹងស្ថិតនៅក្រោមការជូនដំណឹងបែបនេះរហូតដល់ថ្ងៃសុក្រ ២៥ ខែមេសា ដោយរលកកម្ដៅនៅតែអាក្រក់មិនអន់ថយ។

ក្រសួងឧតុនិយមនិយាយថា សីតុណ្ហភាពអតិបរិមាក្នុងរដ្ឋធានីដេលី ដែលជាទីក្រុងមានអ្នកស្រុកជាង ១៦លាននាក់ បានហក់ឡើងដល់ ៤០អង្សាសេ យ៉ាងហោចណាស់ ៣ដងរួចមកហើយក្នុងខែមេសានេះ ដែលជាតួលេខខ្ពស់រហូតដល់ ៥អង្សាសេ លើសពីមធ្យមភាគតាមរដូវកាល។

កម្ដៅដ៏អាក្រក់បានសម្លាប់មនុស្សរាប់ម៉ឺននាក់នៅឥណ្ឌា និងប៉ាគីស្ថាន ក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ ហើយអ្នកជំនាញអាកាសធាតុបានព្រមានថា នៅឆ្នាំ២០៥០ ឥណ្ឌានឹងក្លាយជាកន្លែងដំបូងគេ ដែលសីតុណ្ហភាពនឹងឆ្លងផុតដែនកំណត់នៃការរស់រានមានជីវិត៕