បណ្ដាអ្នកវិភាគបានលើកឡើងថា ដោយសារព្យុះនៃវិធានការពន្ធលើទំនិញរបស់ប្រទេសចិន ប្រធានាធិបតីអាមេរិក លោក Donald Trump បានបំផ្លាញទំនាក់ទំនងជាមួយទីក្រុងប៉េកាំង ហើយទំនងជាកម្ទេចក្តីសង្ឃឹមនៃការបានជួបជាមួយសមភាគី គឺលោក ស៊ី ជីនពីង (Xi Jinping) ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។
គិតចាប់តាំងពីចូលកាន់តំណែង ក្នុងខែមករា ភាពវឹកវរដោយសារពន្ធនាំចូលរបស់លោក Trump ដែលដាក់ទាំងលើសម្ព័ន្ធមិត្ត និងគូប្រជែងដូចគ្នានោះ បានធ្វើឲ្យអ្នកការទូតច្របូកច្របល់ និងបានរុញទីផ្សារសកលឲ្យកៀកនឹងមាត់ជ្រោះនៃវិបត្តិហិរញ្ញវត្ថុ។
ការផ្អាកភ្លាមៗ ចំពោះការដំឡើងពន្ធបន្ថែម សម្រាប់ប្រទេសភាគច្រើន បានធ្វើឲ្យមានភាពស្ងប់ស្ងាត់ យ៉ាងហោចណាស់ក៏សម្រាប់ពេលនេះដែរ ប៉ុន្តែមិនបានលើកឡើងឲ្យប្រទេសចិន ដែលត្រូវបានចោទប្រកាន់ដោយមេដឹកនាំសហរដ្ឋអាមេរិកថា បានព្យាយាម «បំផ្លាញ» ទីក្រុងវ៉ាស៊ីនតោន។
ដោយបន្ថែមលើភាពតានតឹងទាំងឡាយ ការពិភាក្សា រវាងប្រទេសមហាអំណាចទាំង២ ជុំវិញបញ្ហាអន្តរជាតិនានា ដូចជាបម្រែបម្រួលអាកាសធាតុ និងថ្នាំញៀនជាដើម ហាក់ដូចជានៅទ្រឹង។
នាយកមជ្ឈមណ្ឌល សម្រាប់ការសិក្សាអាមេរិក នៅសាកលវិទ្យាល័យ Renmin នៃទីក្រុងប៉េកាំង គឺលោក Shi Yinhong បាននិយាយថា៖ «នៅក្រោមការដឹកនាំរបស់លោក Trump ទំនាក់ទំនងចិន-អាមេរិក បានធ្លាក់ចូលទៅក្នុងស្ថានភាពដ៏អាក្រក់បំផុត ដោយគ្រាន់តែមិនមានជម្លោះផ្នែកយោធាប៉ុណ្ណោះ»។ លោកបានបន្ថែមថា៖ «លោក Trump បានធ្វើឲ្យគ្រប់គ្នាស្រឡាំងកាំង ដោយសារការចាត់វិធានការយ៉ាងលឿនរហ័ស លើប្រទេសចិន»។
បន្ទាប់ពីដំឡើងពន្ធសងសឹកគ្នាជាបន្តបន្ទាប់ ពេលនេះសហរដ្ឋអាមេរិក បានដាក់អត្រាពន្ធ ១៤៥ភាគរយលើផលិតផលជាច្រើនដែលនាំចូលពីប្រទេសចិន ដោយពន្ធសរុបលើទំនិញមួយចំនួនឡើងដល់កម្រិតខ្ពស់បំផុត ២៤៥ភាគរយ។ ទីក្រុងប៉េកាំងដែលពេញដោយការខឹងសម្បា បានដាក់កម្រិតសងសឹក ១២៥ភាគរយលើទំនិញដែលនាំចូលពីសហរដ្ឋអាមេរិក ហើយបានច្រានចោលការដំឡើងបន្ថែមទៀត ដោយចាត់ទុកថា ជាចំណាត់ការគ្មានន័យ៕