ប្រធានចារកម្មអ៊ីស្រាអែល បានចោទប្រកាន់នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu ថាព្យាយាមបណ្តេញរូបលោកពីតំណែងសម្រាប់ការបដិសេធន៍របស់គាត់មិនឲ្យប្រព្រឹត្តទង្វើខុសច្បាប់ដែលមានគោលដៅការពារផលប្រយោជន៍នយោបាយ និងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់មេដឹកនាំរូបនេះ ។
លោក Ronen Bar គឺជាប្រធានក្រុម Shin Bet ដែលជាសេវាចារកម្មក្នុងស្រុកអ៊ីស្រាអែល បានពោលអះអាងបែបនេះនៅក្នុងលិខិតបញ្ជាក់ភ័ស្តុតាងមួយច្បាប់ទៅកាន់តុលាការកំពូលកាលពីថ្ងៃចន្ទ ។
ការប៉ុនប៉ងរបស់លោក Netanyahu ដើម្បីបណ្តេញលោក Bar ចេញពីតំណែងកាលពីខែមុន ត្រូវបានផ្អាកដោយតុលាការ រង់ចំាការស៊ើបអង្កេត និងនាំឲ្យមានការតវ៉ាទ្រង់ទ្រាយធំ ក្នុងនោះហ្វូងមនុស្សបានចោទប្រកាន់លោកនាយករដ្ឋមន្រ្តីរូបនេះថា កំពុងធ្វើឲ្យគ្រោះថ្នាក់ដល់លទ្ធិប្រជាធិបតេយ្យ ។
លោក Netanyahu និយាយថា លោកនឹងបណ្តេញប្រធានក្រុមចារកម្មចេញពីតំណែង ដោយសារបាត់ទំនុកចិត្ត និងសង្ស័យថាមានទំនាក់ទំនងជាមួយការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីខែតុលា ឆ្នាំ ២០២៣ ដែលនាំឲ្យកើតមានសង្រ្គាមហ្កាហ្សា ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Bar និយាយថា ការសម្រេចចិត្តរបស់លោក Netanyahu ផ្តើមចេញពីហេតុការណ៍ជាច្រើនចន្លោះខែវិច្ឆិកា ឆ្នាំ ២០២៤ និងខែកុម្ភៈ ឆ្នាំ ២០២៥ ។
លោកថា លោក Netanyahu បាននិយាយប្រាប់គាត់ច្រើនជាង ១លើកថា លោករំពឹងថាក្រុម Shin Bet ត្រូវចាត់វិធានការប្រឆាំងពលរដ្ឋអ៊ីស្រាអែលដែលពាក់ព័ន្ធនឹងបាតុកម្មប្រឆាំងរដ្ឋាភិបាល ជាពិសេសត្រូវផ្តោតសំខាន់លើការតាមដានបាតុកម្មក្រុមគាំទ្រហិរញ្ញវត្ថុ ៕