នាយករដ្ឋមន្រ្តីថៃលោកស្រី Paetongtarn Shinawatra និយាយនៅថ្ងៃអង្គារនេះថា កិច្ចចរចារបស់ថៃជាមួយទីក្រុងវ៉ាស៊ីនតោនលើការដំឡើងពន្ធពាណិជ្ជកម្មដ៏ចម្រូងចម្រាស់ ត្រូវបានផ្អាក ពីព្រោះថា សហរដ្ឋអាមេរិកបានសុំឲ្យទីក្រុងបាងកក ពិនិត្យមើលឡើងវិញនូវបញ្ហាសំខាន់ៗជាច្រើន ។
លោកស្រីនិយាយថា កាលបរិច្ឆេតជំនួបថ្មី ត្រូវបានកំណត់ ។ កាលបរិច្ឆេតលើកមុនសម្រាប់កិច្ចប្រជុំ ត្រូវបានកំណត់ធ្វើឡើងនៅថ្ងៃទី ២៣ ខែមេសាស្អែកនេះ ។
ថៃដែលស្ថិតនៅក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍រងផលប៉ះពាល់ខ្លាំងបំផុតដោយវិធានការពន្ធរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ប្រឈមនឹងការដំឡើងពន្ធ ៣៦ភាគរយ បើសិនជាការកាត់បន្ថយពន្ធមិនអាចចរចាបាន មុនការផ្អាកសកល ផុតកំណត់នៅខែកក្កដា ។
លោកស្រី Paetongtarn និយាយថា ពួកយើងមិនយឺតយ៉ាវខ្លាំងពេកនោះទេ ហើយពួកយើងកំពុងពិនិត្យមើលបញ្ហាឡើងវិញ រួមទាំងការដំឡើងពន្ធរបស់ពួកយើងដែលអាចកែតម្រូវឲ្យបានសមរម្យ ហើយការនាំចេញកសិកម្ម និងការនាំចូលបន្ថែមទៀត ត្រូវបានពិនិត្យមើលផងដែរ ។
កាលពីឆ្នាំមុន សហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញធំបំផុតរបស់ថៃ ស្មើនឹង ១៨,៣ភាគរយនៃការដឹកជញ្ជូនសរុប ឬស្មើនឹងទំហំទឹកប្រាក់ ៥៤,៩៦ពាន់លានដុល្លារ ។ ទីក្រុងវ៉ាស៊ីនតោនបានដាក់ឱនភាពរបស់ខ្លួនជាមួយថៃចំនួន ៤៥,៦ពាន់លានដុល្លារ ៕