នាយករដ្ឋមន្ត្រីជប៉ុន លោក Ishiba Shigeru បានចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ ដើម្បីពិភាក្សាអំពីបញ្ហាសន្តិសុខសេដ្ឋកិច្ច ជុំវិញវិធានការដំឡើងពន្ធរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump។ រដ្ឋាភិបាលរបស់ លោក Ishiba កំពុងសម្លឹងមើលការកំណត់ពេលនៅជុំបន្ទាប់នៃកិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រីជាមួយសហរដ្ឋអាមេរិក សម្រាប់ចុងសប្តាហ៍ក្រោយ។
រដ្ឋមន្ត្រីការបរទេស លោក Iwaya Takeshi និងរដ្ឋមន្ត្រីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម លោក Muto Yoji ក៏បានចូលរួមក្នុងកិច្ចប្រជុំនេះ កាលពីថ្ងៃអង្គារ។
ក្នុងការរៀបចំសម្រាប់ការចរចានៅជុំបន្ទាប់ រដ្ឋាភិបាលជប៉ុនកំពុងពិនិត្យមើលការលើកឡើងកាលពីពេលមុនរបស់លោក Trump និងព័ត៌មានលម្អិតនៃការទាមទាររបស់សហរដ្ឋអាមេរិក។ ប្រទេសជប៉ុន ក៏នឹងសិក្សាអំពីអ្វីនៃចំណុចចរចា ដែលខ្លួនអាចបង្ហាញ។
ទីក្រុងវ៉ាស៊ីនតោន ដែលព្យាយាមកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក កំពុងទាមទារឱ្យប្រទេសជប៉ុន បង្កើនការនាំចូលយានយន្តផលិតដោយសហរដ្ឋអាមេរិក។ ប្រទេសជប៉ុន និយាយថា ខ្លួននឹងមិនសម្របសម្រួលលើការទម្លាក់ការដំឡើងពន្ធលើការនាំចេញរបស់ជប៉ុនដូចជារថយន្ត និងដែកថែបនោះទេ។