នាយកប្រតិបត្តិក្រុមហ៊ុនរថយន្ត Tesla របស់អាមេរិក គឺមហាសេដ្ឋី Elon Musk បាននិយាយកាលពីថ្ងៃអង្គារ (២២ មេសា) ថា លោកនឹងកាត់បន្ថយពេលវេលាដែលលោកលះបង់យ៉ាងខ្លាំងចំពោះរដ្ឋបាលលោកប្រធានាធិបតី Donald Trump ចាប់ពីខែក្រោយ ហើយចំណាយពេលបន្ថែមទៀតលើក្រុមហ៊ុនជាច្រើនរបស់លោក ក្នុងជំហានមួយដែលបង្ហាញពីការបន្ធូរដៃចំពោះការបណ្ដេញបុគ្គលិករដ្ឋាភិបាល។

សកម្មភាពនេះកើតឡើង នៅពេលមានការជាប់ពាក់ព័ន្ធរបស់លោក Musk ក្នុងក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល DOGE ដោយក្នុងនោះលោកដឹកនាំកិច្ចប្រឹងប្រែងកាត់បន្ថយការងារសហព័ន្ធ - ដែលជំរុញឱ្យមានការរិះគន់ក្នុងនយោបាយ បាតុកម្មមិនឈប់ឈរ និងការវាយប្រហារនានាលើកន្លែងតាំងបង្ហាញរថយន្ត Tesla។ វិនិយោគិនបានលើកពីក្ដីបារម្ភ ដែលថាលោក Musk ចំណាយពេលតិចពេកក្នុងការគ្រប់គ្រងក្រុមហ៊ុន Tesla ខណៈការលក់បានធ្លាក់ចុះខ្លាំង។

លោក Musk បានប្រាប់ក្រុមអ្នកវិភាគក្នុងសន្និសិទមួយថា "ការងារធំៗដែលចាំបាច់ភាគច្រើនត្រូវបានធ្វើរួចរាល់ហើយ នៅ DOGE " ហើយលោកចង់ចំណាយពេលតិចជាងមុន ពោលគឺប្រហែល ៤០% នៃពេលវេលារបស់លោកទៅលើក្រសួង DOGE ហើយក្រៅពីនោះ គឺទៅលើកិច្ចការក្រុមហ៊ុន Tesla។

ប្រាក់ចំណូលរថយន្ត Tesla នៅតែធ្លាក់ចុះ ១ភាគ៥ នៅក្នុងរយៈពេលនេះ ហើយប្រាក់ចំណេញសុទ្ធបានធ្លាក់ដល់ ៧១% ទោះបីជាការចំណាយទាបនៅក្នុងត្រីមាសទី១ ផ្តល់ការធូរស្បើយខ្លះក៏ដោយ។ លោក Musk បានទទួលស្គាល់ការខាតបង់របស់ក្រុមហ៊ុន ប៉ុន្តែក៏ច្រានចោលក្ដីបារម្ភថា ការខូចម៉ាកយីហោគឺជាមូលហេតុធ្វើឱ្យប៉ះពាល់ដល់ការលក់នៅត្រីមាសទីមួយរបស់ Tesla៕