វាយកូនគោល៖ កីឡាករវាយកូនគោលណ័រវេស Viktor Hovland បានគ្រងជើងឯកការប្រកួតពានរង្វាន់ World Challenge ដែលរៀបចំនៅបាហាម៉ាស។ កីឡាករវ័យ ២៤ឆ្នាំរូបនេះធ្វើបាន ៦អាន់ឌើផានៅថ្ងៃចុងក្រោយដើម្បីបញ្ចប់ការប្រកួតមាន ១៨អាន់ឌើផា។

កីឡាករអាមេរិក Scottie Schaffler ក៏ធ្វើបាន ៦អាន់ឌើផាដែរនៅក្នុងថ្ងៃចុងក្រោយតែបញ្ចប់ការប្រកួតមាន ១៧អាន់ឌើផាតាមពីក្រោយអ្នកឈ្នះមួយស្ត្រូក ខណៈលេខ ៣ ក៏ជាកីឡាករអាមេរិកដែរគឺ Sam Burns ដែលធ្វើបាននៅថ្ងៃចុងក្រោយ ៣អាន់ឌើផា និងសរុបរួម ១៥អាន់ឌើផាដេញពីក្រោយ ៣ស្ត្រូក។ រីឯកីឡាករអាមេរិកមួយរូបទៀត Collin Morikawa ដែលនាំមុខគេ ៥ស្ត្រូកមុនប្រកួតថ្ងៃចុងក្រោយនោះ បែរជាធ្វើមិនបានល្អនៅថ្ងៃចុងក្រោយដោយធ្វើបាន ៤អូវើផា និងបញ្ចប់ការប្រកួតមាន ១៤អាន់ឌើផា។ ជើងឯក World Challenge កីឡាករ Viktor Hovland ទទួលបានប្រាក់រង្វាន់ ១លានដុល្លារអាមេរិក៕
អត្ថបទ៖នាង សុភាវុធ