អង្គការសហប្រជាជាតិ បាននិយាយនៅថ្ងៃព្រហស្បតិ៍ (២៤ មេសា) នេះថា ការកាត់បន្ថយជំនួយជាសកល ដែលដឹកនាំដោយសហរដ្ឋអាមេរិក កំពុងរំខានយ៉ាងធំធេងដល់កិច្ចខិតខំប្រឹងប្រែងក្នុងការចាក់វ៉ាក់សាំងកុមារប្រឆាំងនឹងជំងឺដ៏កាចសាហាវនានា ស្ទើរតែដូចទៅនឹងការរំខានពីជំងឺរាតត្បាតកូវីដ១៩។
ការផ្ទុះឡើងនៃជំងឺឆ្លងជាច្រើន រួមទាំងជំងឺកញ្ជ្រឹល រលាកស្រោមខួរ និងជំងឺខាន់លឿង កំពុងកើនឡើងទូទាំងពិភពលោក។ ទន្ទឹមនឹងនេះ វ៉ាក់សាំងសង្គ្រោះបន្ទាន់ និងជាប្រចាំ ត្រូវបានរងផលប៉ះពាល់ខ្លាំងដល់ស្ទើរតែពាក់កណ្តាលនៃប្រទេសទូទាំងសកលលោកនៅដើមខែមេសា ដោយសារតែការកាត់បន្ថយមូលនិធិ នេះបើតាមរបាយការណ៍ពីការិយាល័យអង្គការសុខភាពពិភពលោក WHO ក្នុងប្រទេសចំនួន១០៨ ដែលភាគច្រើនមានចំណូលទាប និងមធ្យម។
អង្គការ WHO និង UNICEF បាននិយាយនៅក្នុងការចេញផ្សាយរួមគ្នាជាមួយសម្ព័ន្ធវ៉ាក់សាំង Gavi ថា ការផ្ដាច់មូលនិធិ ក៏បានកាត់បន្ថយការផ្គត់ផ្គង់វ៉ាក់សាំង និងរារាំងប្រតិបត្តិការឃ្លាំមើលជំងឺផងដែរ។ ការចេញផ្សាយរួមនោះបន្តថា ជំងឺកូវីដ១៩ បណ្តាលឱ្យមានអ្វីដែលហៅថាជំហានថយក្រោយដ៏ធំបំផុតក្នុងការចាក់វ៉ាក់សាំងកុមារក្នុងមួយជំនាន់ ហើយការកាត់បន្ថយជំនួយដឹកនាំដោយអាមេរិក ដែលជាអតីតម្ចាស់ជំនួយដ៏ធំបំផុតរបស់ពិភពលោកនេះ ក៏បានប្រថុយនឹងលទ្ធផលដូចគ្នានោះដែរ។
គួរឱ្យដឹងថា កាលពីខែមុន ឯកសារផ្ទៃក្នុងរបស់រដ្ឋាភិបាលអាមេរិក បានបង្ហាញថា ខ្លួននឹងអនុវត្តតាមការកាត់បន្ថយមូលនិធិចំពោះអង្គការ UNICEF និង WHO ជាផ្នែកមួយនៃផែនការកាន់តែទូលំទូលាយក្នុងការសម្រួល និងកាត់ជំនួយបរទេស ឱ្យស្របតាមគោលនយោបាយ "យកអាមេរិកជាធំ" ដោយលុបចោលការបរិច្ចាគរបស់ខ្លួនប្រហែល ៣០០លានដុល្លារ ក្នុងមួយឆ្នាំដល់សម្ព័ន្ធវ៉ាក់សាំង Gavi៕