ប្រទេសអង់គ្លេស បារាំង និងអាល្លឺម៉ង់ បានជំរុញឱ្យអ៊ីស្រាអែល អនុញ្ញាតឱ្យមានការបន្តផ្តល់ជំនួយសង្គ្រោះឡើងវិញ ចូលទៅកាន់តំបន់ហ្កាហ្សា ខណៈស្បៀងអាហារ និងថ្នាំពេទ្យ នៅសល់តិចតួចនៅទីនោះ។ រដ្ឋមន្ត្រីការបរទេសនៃប្រទេសអឺរ៉ុបទាំងបី បានចេញសេចក្តីថ្លែងការណ៍រួមមួយ កាលពីថ្ងៃពុធ។

សេចក្តីថ្លែងការណ៍និយាយថា «ជនស៊ីវិលប៉ាឡេស្ទីន រួមទាំងកុមារមួយលាននាក់ ប្រឈមហានិភ័យ ភាពអត់ឃ្លានធ្ងន់ធ្ងរ ជំងឺរាតត្បាត និងការស្លាប់» ហើយ «អ៊ីស្រាអែល ត្រូវបានចងឲ្យស្ថិតនៅក្រោមច្បាប់អន្តរជាតិ ដែលត្រូវអនុញ្ញាតឱ្យមានការឆ្លងកាត់ដោយគ្មានការរារាំងចំពោះជំនួយមនុស្សធម៌»។ ក្រុមរដ្ឋមន្ត្រី ក៏បានអំពាវនាវឲ្យអ៊ីស្រាអែល និងក្រុមហាម៉ាស វិលទៅរកបទឈប់បាញ់គ្នាវិញ។

យោធាអ៊ីស្រាអែល បាននិងកំពុងរារាំងជំនួយមនុស្សធម៌សម្រាប់តំបន់ហ្កាហ្សារយៈពេលជាង៥០ថ្ងៃមកហើយ ចាប់តាំងពីថ្ងៃទី២ ខែមីនា ដោយបាននិយាយថា វិធានការនេះគឺសំដៅបង្កើនសម្ពាធលើក្រុមហាម៉ាស ក្នុងការចរចាបទឈប់បាញ់។ អង្គការសហប្រជាជាតិនិយាយថា តំបន់ហ្កាហ្សាបច្ចុប្បន្ននេះ ទំនងជាកំពុងប្រឈមវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុត ចាប់តាំងពីការចាប់ផ្តើមជម្លោះ ក្នុងខែតុលា ឆ្នាំ២០២៣។
ការវាយប្រហាររបស់អ៊ីស្រាអែលនៅតែបន្តនៅក្នុងតំបន់ហ្កាហ្សា ដែលអាជ្ញាធរសុខាភិបាលក្នុងតំបន់បាននិយាយកាលពីថ្ងៃពុធថា មនុស្ស៣៩នាក់បានស្លាប់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ដែលបង្កើនចំនួនអ្នកស្លាប់សរុបដល់៥១.៣០៥នាក់។