ភ្នំពេញ ៖ ឯកឧត្តម វុនណា ម៉ោងល្វីន រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានថ្លែងអំណរគុណចំពោះជំនួយជាថវិកា និងសម្ភារៈដែលកម្ពុជាបានផ្តល់យ៉ាងទាន់ពេលវេលា ដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសមីយ៉ាន់ម៉ាក្នុងការគ្រប់គ្រង និងកាត់បន្ថយផលប៉ះពាល់ធ្ងន់ធ្ងរពីជំងឺកូវីដ-១៩ នៅក្នុងប្រទេស។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ដីពី លទ្ធផលនៃទស្សនកិច្ចការងាររបស់ឯកឧត្តម វុនណា ម៉ោង ល្វីន រដ្ឋមន្ត្រីការបរទេ ស នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ានៅកម្ពុជា នាថ្ងៃទី០៦-០៧ ខែធ្នូ ឆ្នាំ២០២១។
ប្រភពដដែលឱ្យដឹងទៀតថា ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម វុនណា ម៉ោងល្វីន បានចូលជួបសម្តែងការគួរសមចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយក្នុងឱកាសនោះមានការផ្លាស់ប្តូរទស្សនៈគ្នាយ៉ាងទូលំទូលាយអំពីទំនាក់ទំនងទ្វេភាគី និងការវិវត្តនៃស្ថានការណ៍ក្នុងតំបន់នាពេលថ្មីៗនេះ។ ជាមួយគ្នានេះដែរ ក៏មានការពិភាក្សាដោយត្រង់ទៅត្រង់មក អំពីវិធីដើម្បីគាំទ្រដល់កិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិបត្តិមីយ៉ាន់ម៉ា ក៏ដូចជាការពង្រឹងមជ្ឈភាព និងសាមគ្គីភាពអាស៊ាន។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានយល់ព្រមទទួលការអញ្ជើញទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា នៅថ្ងៃទី០៧-០៨ ខែមករា ឆ្នាំ២០២២។
ក្នុងជំនួបទ្វេភាគីរវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី និង ឯកឧត្តម វុនណា ម៉ោងល្វីន កិច្ចពិភាក្សាបានផ្តោតសំខាន់ទៅលើបញ្ហាអាស៊ាន ក៏ដូចជាកិច្ចសហប្រតិបត្តិការទ្វេភាគី។ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា បានអបអរសាទរកម្ពុជាក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២ ហើយបានគាំទ្រយ៉ាងពេញទំហឹងចំពោះអាទិភាព និងគម្រោងសមិទ្ធផលរបស់កម្ពុជា។ ទន្ទឹមនឹងការវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រជុំមេដឹកនាំអាស៊ានកាលពីខែមេសា ឆ្នាំ២០២១ មីយ៉ាន់ម៉ាទន្ទឹងរង់ចាំស្វាគមន៍ និងសម្របស ម្រួលជាមួយប្រេសិតពិសេសរបស់ប្រធានអាស៊ាន ដើម្បីអនុវត្តនូវការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច រួមទាំងការធ្វើឱ្យកាន់តែប្រសើរថែមទៀតនូវដំណើរការផ្តល់ជំនួយមនុស្សធម៌។
ក្នុងជំនួបនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន ក៏បានថ្លែងអំណរគុណដល់មីយ៉ាន់ម៉ា ដែលបានផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋកម្ពុជា និងបានស្នើសុំឱ្យប្រទេសមីយ៉ាន់ម៉ាបន្តផ្តល់ជំនួយចាំបាច់សម្រាប់ការស្នាក់នៅរបស់ពួកគេ។ ភាគីទាំងពីរបានឯកភាពបង្កើនជំរុញនូវកិច្ចសហប្រតិបត្តិការលើវិស័យនានាដូចជា ពាណិជ្ជកម្ម សេដ្ឋកិច្ច ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវេទិកាពហុភាគីផងដែរ៕អត្ថបទ ៖ គង់ ឌិន

