ក្រុមអ្នកតវ៉ាក្នុងទីក្រុងចំនួនបីរបស់ឥណ្ឌាបានស្តីបន្ទោសប៉ាគីស្ថាន ចំពោះការវាយប្រហារដ៏សាហាវលើតំបន់កាស្មៀរ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់២៦នាក់។
ក្រុមបាតុករបានប្រមូលផ្តុំគ្នានៅទីក្រុង Pune, Amritsar និងទីក្រុង Chandigarh ដើម្បីដុតទង់ជាតិប៉ាគីស្ថាន ។
ការវាយប្រហារនៅសប្ដាហ៍នេះដោយក្រុមចលនាតស៊ូកាស្មៀរ ដែលត្រូវគេស្គាល់ថារណសិរ្សតស៊ូ គឺជាឧប្បត្តិហេតុដ៏សាហាវបំផុតនៅក្នុងប្រទេសឥណ្ឌាចាប់តាំងពីការបាញ់ប្រហារកាលពីឆ្នាំ២០០៨ នៅទីក្រុងបុមបៃ។
ប៉ាគីស្ថានបដិសេធការចោទប្រកាន់ថាខ្លួនគាំទ្រអំពើហិង្សារបស់ក្រុមសកម្មប្រយុទ្ធនៅតំបន់កាស្មៀរ ហើយនិយាយថា ខ្លួនគ្រាន់តែផ្តល់ការគាំទ្រផ្នែកសីលធម៌ នយោបាយ និងការទូតដល់ការបះបោរនៅទីនោះប៉ុណ្ណោះ។
ជាមួយគ្នានោះក៏មានការផ្ទុះការតវ៉ាផងដែរនៅទូទាំងប្រទេសប៉ាគីស្ថានកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ រួមទាំងនៅក្នុងតំបន់កាស្មៀរផងដែរ ប្រឆាំងនឹងការគំរាមកំហែងរបស់ឥណ្ឌា ។
ក្នុងពេលនោះដែរ មនុស្សរាប់រយនាក់បានចេញតវ៉ាពាសពេញទីក្រុងធំបំផុតរបស់ប៉ាគីស្ថានគឺទីក្រុង Karachi ព្រមទាំងនៅរដ្ឋធានី Islamabad ប្រឆាំងការផ្អាកសន្ធិសញ្ញាចែកចាយទឹកក្រោយការវាយប្រហារនោះ។
ពួកគេបានកាន់បណ្ណប្រកាស និងស្រែកថា គ្មានការឈ្លានពានទឹកក្នុងក្បួនបាតុកម្មរៀបចំដោយគណបក្សសម្ព័ន្ធមូស្លីម Markazi Pakistan៕