មន្ត្រីជាន់ខ្ពស់ម្នាក់បានប្រាប់សារព័ត៌មានរ៉យទ័រថា អាជ្ញាធរប្រទេសទុយនីស៊ី បានរុះរើជំរំបណ្តោះអាសន្នមួយកន្លែង ដែលផ្តល់ទីជម្រកដល់ជនអន្តោប្រវេសន៍អាហ្វ្រិកនៅអនុតំបន់សាហារ៉ាចំនួន២.០០០នាក់ កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា។ ចាប់តាំងពីប្រតិបត្តិការ ដាក់គោលដៅលើការបោះជំរំស្រដៀងគ្នានេះ បានចាប់ផ្តើមនៅថ្ងៃទី ៥ ខែមេសា ចំនួនជនអន្តោប្រវេសន៍ដែលរងផលប៉ះពាល់បានកើនឡើងដល់ ៩.០០០នាក់ ជាអ្វីដែលមន្ត្រីចាត់ទុកថាជាវិបត្តិអន្តោប្រវេសន៍មិនធ្លាប់មានពីមុនមក និងកាន់តែអាក្រក់ទៅៗ។
រដ្ឋាភិបាលនិយាយថា បច្ចុប្បន្នជនអន្តោប្រវេសន៍ប្រហែល ២០.០០០នាក់កំពុងរស់នៅក្នុងតង់ នៅតំបន់ព្រៃជុំវិញទីក្រុងភាគខាងត្បូង បន្ទាប់ពីត្រូវបានរារាំងមិនឱ្យឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ។
ភាពតានតឹងបានផ្ទុះឡើងរវាងជនអន្តោប្រវេសន៍និងអ្នកស្រុក ដែលភាគច្រើនបានទាមទារឲ្យជនអន្តោប្រវេសន៍ចាកចេញពីតំបន់។ ក្រុមសិទ្ធិមនុស្ស បានថ្កោលទោសការឆ្លើយតបរបស់រដ្ឋាភិបាល ដោយចោទប្រកាន់ថារដ្ឋាភិបាលបានប្រើប្រាស់វោហាសាស្ត្រប្រកាន់ពូជសាសន៍ ញុះញង់ឱ្យមានអរិភាពប្រឆាំងជនអន្តោប្រវេសន៍ និងចាប់សកម្មជនដែលផ្តល់ជំនួយដល់ជនភៀសខ្លួន ដាក់ពន្ធនាគារ ។
លោកប្រធានាធិបតី Kais Saied បានធ្វើឱ្យមានភាពចម្រូងចម្រាសនៅឆ្នាំ២០២៣ នៅពេលដែលលោកបានអះអាងថា លំហូរចូលជនអន្តោប្រវេសន៍គ្មានឯកសារនៅអនុតំបន់សាហារ៉ា គឺជាផ្នែកមួយនៃការឃុបឃិតដើម្បីផ្លាស់ប្តូរការបង្កើតប្រជាសាស្ត្រនៅប្រទេសទុយនីស៊ី។ សហភាពអាហ្រ្វិក បានរិះគន់យ៉ាងខ្លាំងចំពោះការលើកឡើងរបស់លោក ដោយបានរិះគន់ថាជា «ការនិយាយស្អប់ខ្ពើម» ដែលការចោទប្រកាន់នេះត្រូវបានលោក Saied ច្រានចោល ថាមិនយុត្តិធម៌។