ប្រភពការទូតជាច្រើនបានប្រាប់ទូរទស្សន៍ CNN ថា សម្ព័ន្ធមិត្តអាមេរិកមួយចំនួនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះក្របខ័ណ្ឌដែលរដ្ឋបាលលោក Trump កំពុងជំរុញឱ្យបញ្ចប់សង្គ្រាមអ៊ុយក្រែន ហើយមេដឹកនាំអឺរ៉ុបកំពុងតាមដានកិច្ចចរចាកម្រិតខ្ពស់មួយទៀត រវាងសហរដ្ឋអាមេរិក និងរុស្ស៊ី។
យោងតាមមន្ត្រីម្នាក់ដែលបានដឹងពីបញ្ហានេះ បង្ហើបឲ្យដឹងថា ក្របខណ្ឌរដ្ឋបាលដែលបានបង្ហាញនៅទីក្រុងប៉ារីស កាលពីសប្តាហ៍មុន ស្នើឱ្យមានការលះបង់យ៉ាងច្រើនពីទីក្រុង Kyiv រួមទាំងការទទួលស្គាល់របស់សហរដ្ឋអាមេរិកលើតំបន់គ្រីម៉េ ថាជាទឹកដីរុស្ស៊ី និងអ៊ុយក្រែនប្រគល់ទឹកដីដ៏ច្រើនសន្ធឹកសន្ធាប់ទៅឱ្យរុស្ស៊ី។
អនុប្រធានាធិបតីអាមេរិកលោក JD Vance កាលពីថ្ងៃពុធសប្ដាហ៍នេះ បានអំពាវនាវ ឲ្យផ្អាកការប្រយុទ្ធទាំងអស់លើសមរភូមិនៅពេលបច្ចុប្បន្ន។
នៅពេលសួរថាតើសម្បទានអ្វីដែលរុស្ស៊ីកំពុងផ្តល់ជូនកាលពីថ្ងៃព្រហស្បតិ៍ លោក Trump បានឆ្លើយតបថា ការបញ្ឈប់សង្រ្គាម ដោយលើកឡើងថាការមិនវាយយកប្រទេសទាំងមូល គឺជាសម្បទានដ៏ធំ។
ក្រុមអ្នកការទូតសម្ព័ន្ធមិត្តអាមេរិកជាច្រើនបាននិយាយថា ពួកគេមានការភ្ញាក់ផ្អើលចំពោះអ្វីដែលរដ្ឋបាលរបស់លោក Trump កំពុងស្នើ ព្រោះពួកគេជឿថាក្របខ័ណ្ឌបែបនេះនឹងផ្ញើសារដ៏គ្រោះថ្នាក់ដល់លោក Vladimir Putin របស់រុស្ស៊ី និងមេដឹកនាំពិភពលោកផ្សេងទៀតថា ទង្វើខុសច្បាប់ អាចទទួលបានរង្វាន់៕