ប្រេសិតពិសេសចិន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិនគាំទ្រទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ក្នុងការដើរតួនាទីស្ថាបនា ដើម្បីជំរុញដំណោះស្រាយនយោបាយ និងផ្នែកការទូតជុំវិញបញ្ហានុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់។
លោក Li Song អ្នកតំណាងអចិន្ត្រៃយ៍របស់ចិនប្រចាំទីភ្នាក់ងារ IAEA បាននិយាយដូច្នេះបន្ទាប់ពីកិច្ចប្រជុំរួមជាមួយអគ្គនាយកទីភ្នាក់ងារ IAEA លោក Rafael Grossi សមភាគីរុស្ស៊ីលោកMikhail Ulyanov និងសមភាគីអ៊ីរ៉ង់ លោក Reza Najafi ។
ប្រទេសចិន រុស្ស៊ី និងអ៊ីរ៉ង់ បានសង្កត់ធ្ងន់ថា ការចូលរួមផ្នែកនយោបាយ និងការទូតដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក នៅតែជាច្រកដែលអាចសម្រេចបាននិងជាក់ស្តែងតែមួយគត់សម្រាប់ការដោះស្រាយបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់។ ប្រទេសទាំងបី បានព្រមព្រៀងថា ទីភ្នាក់ងារIAEA និងអគ្គនាយករបស់ខ្លួនមានសក្តានុពលនិងជំនាញចាំបាច់ដើម្បីរួមចំណែកក្នុងការស្ថាបនាដំណើរការនេះ ដោយមានគោលដៅគាំទ្រកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត និងដោះស្រាយបញ្ហាប្រកបដោយភាពវិជ្ជមាន និងជាក់ស្តែង។
លោក Li បាននិយាយថា ប្រទេសចិន និងរុស្ស៊ី បានបង្ហាញការគាំទ្រសម្រាប់អ៊ីរ៉ង់ ក្នុងការពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារ IAEA ហើយប្រទេសចិនវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់អ៊ីរ៉ង់មិនអភិវឌ្ឍអាវុធនុយក្លេអ៊ែរ គោរពសិទ្ធិរបស់ខ្លួនក្នុងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរដោយសន្តិវិធី និងគាំទ្រអ៊ីរ៉ង់ក្នុងការដឹកនាំកិច្ចសន្ទនាជាមួយគ្រប់ភាគី រួមទាំងសហរដ្ឋអាមេរិក ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួនតាមរយៈកិច្ចពិភាក្សា និងការចរចា។