របាយការណ៍របស់ការិយាល័យថវិកាសភា CBO មិនប្រកាន់បក្ស បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៤ មេសា) ថា ការចំណាយលើប្រតិបត្តិការ និងធ្វើទំនើបកម្មកងកម្លាំងនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក រហូតដល់ឆ្នាំ២០៣៤ ត្រូវបានព្យាករថានឹងកើនឡើងដល់តួលេខ ៩៤៦ពាន់លានដុល្លារ ពោលគឺកើន ២៥% ខ្ពស់ជាងការប៉ាន់ស្មានឆ្នាំ២០២៣។

របាយការណ៍និយាយថា ទោះយ៉ាងណាក៏ដោយ ការព្យាករថ្មីនេះមិនរាប់បញ្ចូលការចំណាយលើសកម្រិត ៨១% លើមីស៊ីលបាលីស្ទិកអន្តរទ្វីប ICBM ថ្មីមួយឈ្មោះថា Sentinel នោះទេ ដែលកំពុងត្រូវបានបង្កើតឡើងដើម្បីជំនួសមីស៊ីល Trident III ដ៏សំខាន់នៃកម្លាំង ICBM មានមូលដ្ឋាននៅអាមេរិក។

ក្រុមអ្នកវិភាគនិយាយថា កំណើនដ៏ធំនៃការចំណាយក្នុងការដំណើរការ និងធ្វើទំនើបកម្មឃ្លាំងអាវុធនុយក្លេអ៊ែរធំបំផុតទីពីររបស់ពិភពលោកនេះ នឹងធ្វើឱ្យស្មុគស្មាញដល់ការសន្យារបស់លោកប្រធានាធិបតីអាមេរិក Donald Trump ក្នុងការជំរុញថវិកាការពារជាតិដល់ ១សែនកោដិ៍ដុល្លារ ក្នុងឆ្នាំសារពើពន្ធ២០២៦។

CBO ព្រមានថា សភានឹងត្រូវសម្រេចចិត្តនៅប៉ុន្មានឆ្នាំខាងមុខនេះ "លើអ្វីដែលកម្លាំងនុយក្លេអ៊ែររបស់អាមេរិកគួរតែមាននាពេលអនាគត និងវិសាលភាពដែលត្រូវធ្វើទំនើបកម្ម"។ លោក Trump កាលពីខែកុម្ភៈ បាននិយាយថា លោកប្រឆាំងនឹងការកសាងអាវុធនុយក្លេអ៊ែរថ្មីរបស់អាមេរិក ហើយក៏បដិសេធចំពោះការចំណាយខ្ពស់ក្នុងការថែរក្សាឃ្លាំងអាវុធទាំងនោះផងដែរ៕