អង្គការសហប្រជាជាតិ បានជំរុញឱ្យឥណ្ឌា និងប៉ាគីស្ថាន បង្ហាញនូវ "ការអត់ធ្មត់ជាអតិបរមា" នៅពេលដែលគូប្រជែងប្រដាប់អាវុធនុយក្លេអ៊ែរទាំងពីរ បានដាក់វិធានការសងសឹកតបតគ្នាផ្នែកការទូត ដោយសារតែការបាញ់ប្រហារដ៏បង្ហូរឈាមនៅតំបន់កាស្មៀរ សម្លាប់មនុស្ស ២៦នាក់ ដោយសង្ស័យថាមកពីក្រុមសកម្មប្រយុទ្ធ។

ទំនាក់ទំនងភាគីទាំងពីរបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងពេលប៉ុន្មានឆ្នាំមកនេះ ដោយឥណ្ឌាបានចោទប៉ាគីស្ថានថាគាំទ្រ "អំពើភេរវកម្មឆ្លងដែន" បន្ទាប់ពីខ្មាន់កាំភ្លើងបានវាយប្រហារដ៏អាក្រក់បំផុតលើជនស៊ីវិលនៅតំបន់កាស្មៀរ រួមទាំងចំណាត់ការបន្ទាបចំណងការទូតជាច្រើនទៀត។

ទីក្រុងអ៊ីស្លាម៉ាបាដ បានតបតវិញ ហើយបានបដិសេធការជាប់ពាក់ព័ន្ធណាមួយលើការវាយប្រហារ ខណៈហៅការប៉ុនប៉ងភ្ជាប់ប៉ាគីស្ថានទៅនឹងហេតុការណ៍នេះថា "មិនសមហេតុផល" និងប្តេជ្ញាឆ្លើយតបទៅនឹងសកម្មភាពណាមួយរបស់ឥណ្ឌា។

អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងញូវយ៉ក កាលពីថ្ងៃព្រហស្បតិ៍ (២៤ មេសា) ថា "UN សូមអំពាវនាវទៅកាន់រដ្ឋាភិបាលទាំងពីរឱ្យអនុវត្តការអត់ធ្មត់ជាអតិបរមា ហើយដើម្បីធានាថាស្ថានការណ៍ មិនទ្រុឌទ្រោមជាងមុន"៕