ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុង Sevastopol ស្ថិតក្នុងតំបន់គ្រីមៀ និយាយថា ពួកគេគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការឈានដល់កិច្ចព្រមព្រៀងសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន ។
អ្នកស្រី Galina Sizykhគឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុង Sevastopol និយាយថា មិនមែនត្រឹមតែជារូបគាត់ម្នាក់ប៉ុណ្ណោះទេ តែមនុស្សទាំងមូលនៅរុស្ស៊ី និងតំបន់គ្រីមៀ សង្ឃឹមថានឹងមានទំនាក់ទំនងកក់ក្តៅរវាងរុស្ស៊ី និងពិភពលោកទាំងមូល អឺរ៉ុប អាមេរិក និងអ៊ុយក្រែន ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយថា លោកនឹងដើរចេញពីការព្យាយាមចរចាដំណោះស្រាយបញ្ចប់សង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែន បើសិនជាទីក្រុងគីវ និងទីក្រុងម៉ូស្គូ ពុំបង្កើតកិច្ចព្រមព្រៀងឲ្យបានឆាប់ទេនោះ ។
គួរឲ្យដឹងថា រុស្ស៊ី និងអ៊ុយក្រែន បានដាក់ការស្តីបន្ទោស និងចោទដាក់គ្នាទៅវិញទៅមក ជុំវិញកិច្ចខិតខំប្រឹងប្រែងសន្តិភាព ដែលរអាក់រអួលខ្លាំង ដោយទីក្រុងមូស្គូ បានចោទលោកប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ថារារាំងផ្នែកការទូត ហើយទីក្រុងគីវ បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ចង់បន្តសង្រ្គាម ។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova និយាយថា លោក Zelenskiy ខ្វះសមត្ថភាពចរចារបញ្ចប់សង្គ្រាម ។ លោកស្រីចោទប្រកាន់មេដឹកនាំអ៊ុយក្រែនរូបនេះថា ធ្វើឲ្យខូចកិច្ចពិភាក្សាស្តីពីអ៊ុយក្រែនកាលពីថ្ងៃពុធ នៅទីក្រុងឡុងដ្រ៍ ដែលមានមន្ត្រីអាមេរិក អ៊ុយក្រែន និងអឺរ៉ុប ហើយនិយាយថា លោក Zelenskiy ត្រៀមជាស្រេច ដើម្បីបំផ្លាញដំណើរការសន្តិភាពដែលកំពុងលេចឡើង ។
អ៊ុយក្រែននិយាយថា ខ្លួនចង់បានសន្តិភាពប្រកបដោយយុត្តិធម៌ ហើយរុស្ស៊ី ទេជាអ្នកអូសបន្លាយការចរចា ដើម្បីដណ្តើមយកទឹកដីអ៊ុយក្រែនបន្ថែមទៀត បន្ថែមពីលើទឹកដីដែលខ្លួនកាន់កាប់រួចហើយនៅគ្រីម៉េ និងតំបន់ភាគខាងកើតចំនួន៤ របស់អ៊ុយក្រែន ។
កាលពីយប់ថ្ងៃពុធកន្លងទៅ រុស្ស៊ីបន្តបើកការវាយប្រហារលើទីក្រុងគីវ ដោយប្រើប្រាស់មីស៊ីល និងយានដ្រូន ដែលការវាយប្រហារនេះកើតមានឡើងក្នុងពេលសំខាន់នៃសង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែន និងជាសង្រ្គាមមួយដែលបានចាប់ផ្តើមឡើងជាមួយនឹងការវាយលុកពេញបន្ទុករបស់ទីក្រុងម៉ូស្គូកាលពីឆ្នាំ ២០២២ ៕