កាយសម្ព័ន្ធ៖ វគ្គបណ្ដុះបណ្ដាលបច្ចេកទេសគ្រូបង្វឹកកីឡាកាយសម្ព័ន្ធកម្រិត១ និងបោះជុំរុំនៅសាលាបឋមសិក្សាសាលាលេខ៥ ខេត្តកំពង់ឆ្នាំង ដែលរៀបចំដោយសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានបញ្ចប់ហើយ ក្រោយដំណើរការរៀបចំ ១សប្ដាហ៍ពេញចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ នេះ។

លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធបានបញ្ជាក់ថា ផ្អែកតាមផែនការសកម្មភាពឆ្នាំ២០២១ របស់សហព័ន្ធសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសគ្រូជំនាញកម្រិត១ (Level 1 Class P3+Training Camp) ដើម្បីពង្រឹងនូវគុណភាពបច្ចេកទេសជូនដល់គ្រូបង្វឹកកម្រិត១ ប្រភេទកីឡាកាយសម្ព័ន្ធឱ្យមានការយល់ដឹងកាន់តែប្រសើរ និងត្រៀមលក្ខណៈឱ្យបានល្អសម្រាប់ចំណេះជំនាញមួយនេះ ដើម្បីឆ្ពោះទៅរកភាពជោគជ័យក្នុងព្រឹត្តិការណ៍កីឡាជាតិ និងត្រៀមឆ្ពោះទៅរកឧត្តមភាពក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា។ គ្រូឧទ្ទេសប្រចាំវគ្គដដែលបន្ដថា ឆ្លងកាត់ការសិក្សានេះសិក្ខាកាមបានបង្ហាញឱ្យឃើញអំពីការយល់ដឹងបន្ថែមលើទ្រឹស្តី និងការអនុវត្តជាក់ស្តែងផ្ទាល់ នៃប្រភេទកីឡាកាយសម្ព័ន្ធគ្រូបង្វឹកកម្រិត១ ព្រមទាំងលើកកម្ពស់នូវកម្រិតសមត្ថភាពបច្ចេកទេស និងដកស្រង់បាននូវបទពិសោធន៍ល្អៗថ្មីៗបន្ថែមទៀត ជាពិសេសគឺបានយល់ដឹងអំពីការផ្លាស់ប្តូរច្បាប់ថ្មី ២០២១-២០២៤ ផងដែរ។
បើសិនមានលទ្ធភាពធ្វើការសិក្សាតាមរយៈការបើកវគ្គបច្ចេកទេសគ្រូជំនាញ និងសិក្ខាសាលា ឬធ្វើការបោះជំរុំ (Training Camp) ឱ្យបានញឹកញាប់ជារៀងរាល់ឆ្នាំ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីកាន់តែមានការយល់ដឹងលើបច្ចេកទេស និងអាចលើកកម្ពស់គុណផលកាន់តែប្រសើរថែមទៀត។ សូមបញ្ជាក់ថា ឆ្លងកាត់ការសិក្សាទ្រឹស្តី និងការអនុវត្តជាក់ស្តែង សិក្ខាកាមទាំង ២២នាក់មាននារី ០៦នាក់ទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅ ដោយទទួលបាននិទ្ទេសល្អចំនួន ១០នាក់ស្មើ ៤៥,៤៥%, និទ្ទេសល្អបង្គួរ ៨នាក់ស្មើ៣៦,៣៦% និងនិទ្ទេសមធ្យម ០៤នាក់ស្មើ ១៨,១៨% ៕
អត្ថបទ៖ លី ឈុនឡា