ពោធិ៍សាត់៖ កោះទំហំជិត៤ហិកតា នៅវត្តបាកាន ស្ថិតក្នុងឃុំត្រពាំងជង ស្រុកបាកាន ត្រូវបានធ្វើពិធីបញ្ចុះបឋមសិលាកសាង និងអភិវឌ្ឍន៍ឲ្យក្លាយទៅជាឧទ្យានបាកាន កោះនៃការត្រាស់ដឹង។
ពិធីបញ្ចុះបឋមសិលានេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការប្រចាំការក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកបាកាន និងដោយមានការចូលរួមឯកឧត្ដម លោកជំទាវ ប្រធានក្រុមការងារឃុំទាំង៩ក្នុងស្រុកបាកាន អាជ្ញាធរស្រុកបាកាន និងបងប្អូនប្រជាពលរដ្ឋលោយាយលោតាយ៉ាងច្រើនកុះករ ។
ព្រះតេជគុណសុតន្តោ ឡាយ កន ព្រះគ្រូចៅអធិការវត្តបាកាន បានមានសង្ឃដីការៀបរាបអំពីប្រវត្តិនៃកោះទំហំជិត៤ហិកតានេះ គឺកើតឡើងពីការស្តារស្ទឹងពោធិ៍សាត់ចាស់ យកអាចម៍ ដីចាក់បំពេញកសាងកោះនេះឡើង ។
លោកយាយលោតា ដែលបានអញ្ជើញចូលរួម ក្នុងពិធីបញ្ចុះបឋមសិលាកសាង និងអភិវឌ្ឍន៍ឲ្យក្លាយទៅជាឧទ្យានបាកាន កោះនៃការត្រាស់ដឹង បានបង្ហាញ់ក្តីរីករាយដោយស្រុកបាកានទទួលបានសមិទ្ធផលថ្មី ។
ក្នុងឱកាសនោះឯកឧត្ដមបណ្ឌិត ទី នរិន្ទ មានប្រសាសន៍លើកឡើងថា កោះទំហំជិត៤ហិកតានេះ លេចចេញជារូបរាងដំបូងដោយ ព្រះតេជគុណសុតន្តោ ឡាយ កន ព្រះគ្រូចៅអធិការវត្តបាកាន និងគណៈកម្មការអាចារ្យវត្ត ហើយដោយទីតាំងកោះនេះ ស្ទឹង និងវត្តបាកាន គឺជាទីតាំងមានជាប់ពាក់ព័ន្ធទៅនិង ប្រវត្តិឈ្មោះខេត្តពោធិ៍សាត់ឯកឧត្ដម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តពោធិ៍សាត់ បានផ្តួចផ្តើម កសាងបន្ថែម និងអភិវឌ្ឍន៍ឲ្យក្លាយទៅជាឧទ្យានបាកាន កោះនៃការត្រាស់ដឹង ស្របតាមតម្រូវការរបស់ព្រះសង្ឃ និងប្រជាពលរដ្ឋ ក្នុងគោលបំណងបម្រើក្នុងផ្នែកសាសនា ក៏ដូចជាទីតាំងសម្រាប់ប្រជាពលរដ្ឋ លំហែអារម្មណ៍ និងដើរហាត់ប្រាណជាដើម ។
ឯកឧត្ដម បានបន្ថែមថា ការកសាង និងអភិវឌ្ឍន៍កោះនេះគឺមានការចូលរួមពីក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកបាកាន និងពីសប្បុរសជននានាផងដែរដោយបែងចែកជា៥ផ្នែកធំៗ គឺទី១ ការស្ថាបនាស្ពានបេតុងចូលកោះ ទី២ការស្ថាបនាផ្លូវដើរខ្វាត់ខ្វែងនៅលើកោះដោយក្រាលថ្មម៉ាបខ្មែរ ទី៣ការរៀបចំដាំដើមឈើសួនច្បារ និងរូបចម្លាក់ផ្សេងៗសរុបចំនួន៩តំបន់ ទី៤ការរៀបចំតាមច្រាំងជុំវិញកោះ និងទី៥ការស្ថាបនាក្លោងទ្វារ និងផ្លូវចូលកោះ ៕