នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យក្រុមគ្រួសាររបស់ ចៅស្រី ស៊ុន ស្រីតី(ចៅស្រីតូច លក់ផ្កា) ចូលជួប និងបានសួរសុខទុក្ខនៅភូមិគ្រឹះតាខ្មៅ។

បន្ទាប់ពីបានជួបជជែកចៅស្រី ស៊ុន ស្រីតី និងក្រុមគ្រួសារ សម្ដេចតេជោ បានបង្ហោះសារលើបណ្ដាញសង្គមបង្ហាញពីការពេញចិត្តបំផុតចំពោះចៅស្រី ស៊ុន ស្រីតី។
សម្ដេចបានសរសេរថា «ថ្ងៃនេះបានជួបចៅតី និងក្រុមគ្រួសាររួចហើយ។ ចៅតីបានយកផ្កា៥កម្រងមកលក់ឲ្យខ្ញុំដែល១កម្រង៥ពាន់រៀល សុំចុះ៤ពាន់រៀលមិនព្រម ជូន៦ពាន់រៀលក៏មិនព្រមគឺដឹងតែ៥ពាន់រៀល សុំទិញជំពាក់លុយសិនក៏មិនព្រម។ ពេលឲ្យលុយ៥ម៉ឺនរៀលចៅថារួចគ្នា។ ប្រាប់ថាជំពាក់តា៥កម្រងត្រូវយកមកឲ្យតាទៀតចៅឆ្លើយថ្ងៃក្រោយយកមកលក់លើកក្រោយគិតលុយទៀត។ សំដីចាក់ទឹកមិនលិចគួរឲ្យស្រឡាញ់។ ឪពុកម្តាយប្រាប់ថាមិនបានបង្ខំចៅ ឲ្យទៅលក់ផ្កាទេតែចៅតីទាមទារឲ្យឪពុកម្តាយធ្វើផ្កាដើម្បីយកទៅលក់ដែលត្រូវកាត់យកពីម្តាយ៥០០រៀលក្នុង១កម្រង។»

សម្ដេចតេជោ ហ៊ុន សែន បានជជែកលេងជាមួយ ចៅស្រី ស៊ុន ស្រីតី ជាច្រើន ក្នុងនោះសម្ដេចក៏បានសួរទៅចៅស្រីតីថា ចង់ធ្វើអីនៅពេលខាងមុខ? ចៅតីឆ្លើយថា(ចង់រៀន) ដែលចម្លើយនេះធ្វើឲ្យសម្ដេចពេញចិត្តខ្លាំងបំផុត។
សម្ដេចតេជោ «ខ្ញុំសួរចៅតីថាចង់ធ្វើអីនៅពេលខាងមុខ?ចៅតីឆ្លើយថា(ចង់រៀន)ជាចម្លើយដែលធ្វើឲ្យខ្ញុំពេញចិត្តបំផុត។»

សូមជម្រាបថា ដើម្បីសម្រួលដល់ការរស់នៅរបស់ គ្រួសារចៅស្រីតី សម្ដេចតេជោ បានផ្ដល់ប្រាក់ដុល្លារចំនួន 10,000$ និង ប្រាក់រៀលចំនួន ៣០លានរៀល ដោយដាក់ចូលគណនីធនាគារអោយ។ សម្ដេចតេជោ ក៏នឹងផ្ដល់១លានរៀលក្នុង១ខែ(រយៈពេល៣ឆ្នាំ) ព្រមទាំងទិញដីសម្រាប់ធ្វើផ្ទះឱ្យ និងដីសម្រាប់ធ្វើចំការដែលនៅខាងក្រោមភ្នំគិរីរម្យជាប់ផ្លូវធំ ដែលអាចប្រកបរបរលក់ចាប់ហួយ និងអាចធ្វើចំការ ចញ្ចឹមសត្វបាន ពិសេសគឺកាន់តែងាយស្រួលសម្រាប់កូនៗទៅសាលារៀន។ ដោយ ឯកឧត្ដម សេង ទៀង នឹងទទួលរៀបចំកិច្ចការនេះ។
គ្រួសារចៅស្រី តី មាន សមាជិក ៥នាក់ រួមមាន៖
- ឪពុកឈ្មោះ សេង រិទ្ធ អាយុ៤០ឆ្នាំ មុខរបរ អ្នកបោចវល្លិ៍ ដកផ្សិត និងឈ្នួលប្រក់ដំបូលផ្ទះ
- ម្ដាយឈ្មោះ ទិត្យ ម៉ុម អាយុ៤៤ឆ្នាំ មុខរបរលក់ផ្កា និងចាប់ហួយបន្តិចបន្តួចលើភ្នំគីរីរម្យ មានកូន៣នាក់ក្នុងបន្ទុក ៖ ១)ឈ្មោះ ស៊ុន ស្រីល័ក្ខ ភេទស្រី អាយុ១៦ឆ្នាំ ឈប់រៀនថ្នាក់ទី៧ , ២)ឈ្មោះ ស៊ុន ដេវីត ភេទប្រុស អាយុ១០ឆ្នាំ រៀនថ្នាក់ទី៣នៅសាលាដូង លើភ្នំគីរីរម្យ, ៣)ឈ្មោះ ស៊ុន ស្រីតី ភេទស្រីអាយុ៤ឆ្នាំ(ចៅស្រីលក់ផ្កា) មិនទាន់ចូលរៀន៕







