ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក លោក Mike Waltz បាននិយាយកាលពីថ្ងៃអាទិត្យ ថា លោកប្រធានាធិបតី Donald Trump មានបំណងប្រើប្រាស់ «ទាំងការគំរាមនិងការចរចា» ដើម្បីជំរុញឆ្ពោះទៅរកការចរចាររវាងរុស្ស៊ី និងអ៊ុយក្រែន។
លោក Waltz បានធ្វើការអត្ថាធិប្បាយលើសារព័ត៌មាន Fox News បន្ទាប់ពីលោក Trump បានស្តីបន្ទោសប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ជុំវិញការវាយប្រហារកាលពីពេលថ្មីៗនេះលើអ៊ុយក្រែនដោយនិយាយថា «ពុំមានហេតុផលណាសម្រាប់លោក Putin ក្នុងការបាញ់មីស៊ីលទៅលើតំបន់ជនស៊ីវិល ទីក្រុង និងទីប្រជុំជននានា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះទេ»។
លោក Trump និងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ដែលបានស្ថិតនៅក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ដើម្បីចូលរួមពិធីបុណ្យព្រះសពរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស បានជួបប្រជុំគ្នានៅវិហារ ក្នុងបុរីវ៉ាទីកង់ កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅនេះ ដើម្បីព្យាយាមស្តារឡើងវិញនូវកិច្ចខិតខំប្រឹងប្រែងដែលធ្លាក់ចុះដើម្បីបញ្ចប់សង្រ្គាមរបស់រុស្ស៊ីជាមួយអ៊ុយក្រែន។
ជំនួបនេះគឺជាលើកទីមួយ រវាងមេដឹកនាំទាំងពីរចាប់តាំងពីការជួបគ្នាដ៏ចម្រូងចម្រាស់នៅការិយាល័យ Oval Office ក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីខែកុម្ភៈ ហើយធ្វើឡើងក្នុងពេលវេលាដ៏សំខាន់ដើម្បីចរចាក្នុងគោលបំណងបញ្ចប់ជម្លោះ។