យោងតាមការស្ទង់មតិថ្មីរបស់ទូរទស្សន៍ CNN ដែលធ្វើឡើងដោយស្ថាប័នស្រាវជ្រាវ SSRS បានរកឃើញថា លោក Donald Trump បានឈ្នះតំណែងប្រធានាធិបតី និងទទួលបន្ទុករដ្ឋាភិបាលស្របពេលមានការស្ទង់មតិខ្លាំងបំផុតនៃអាជីពនយោបាយរបស់លោក ប៉ុន្តែរយៈពេល១០០ថ្ងៃនៃការកាន់តំណែងជាប្រធានាធិបតីរបស់លោក ទស្សនៈរបស់ប្រជាជនអាមេរិកអំពីអ្វីដែលលោកបានបំពេញកន្លងមក បានប្រែទៅជាអវិជ្ជមានយ៉ាងខ្លាំង ។

ការវាយតម្លៃការប្រប្រិយភាព៤១% របស់លោក Trump គឺទាបបំផុតសម្រាប់ប្រធានាធិបតីដែលទើបជាប់ឆ្នោតថ្មីទាំងអស់ក្នុងរយៈពេល១០០ថ្ងៃរបស់សហរដ្ឋអាមេរិក ក្នុងពេល៧ទសវត្សរ៍ រួមទាំងអាណត្តិដំបូងរបស់លោក Trump ផងដែរ។

ការគាំទ្រលើការគ្រប់គ្រងរបស់លោក Trump សម្រាប់តំណែងប្រធានាធិបតីគឺធ្លាក់ចុះ ៤ ពិន្ទុចាប់តាំងពីខែមីនា ហើយ ៧ ពិន្ទុទាបជាងកាលពីចុងខែកុម្ភៈ។ មានតែ២២% ប៉ុណ្ណោះដែលនិយាយថាពួកគេពេញចិត្តយ៉ាងខ្លាំងចំពោះការចាត់ចែងការងាររបស់លោក Trump ដែលជាកម្រិតទាបថ្មីមួយ ហើយប្រហែល៤៥%និយាយថាពួកគេមិនពេញចិត្តយ៉ាងខ្លាំងចំពោះលោក Trump ។
ចាប់តាំងពីខែមីនាមក លោក Trump បានមើលឃើញការធ្លាក់ចុះគួរឱ្យកត់សម្គាល់ក្នុងប្រជាប្រិយភាពពីស្ត្រី និងជនជាតិអាមេរិកនិយាយភាសាអេស្ប៉ាញ ធ្លាក់ចុះ ៧ ពិន្ទុក្នុងក្រុមនីមួយៗ ដល់៣៦% ក្នុងចំណោមស្ត្រី និង២៨% ក្នុងចំណោមអ្នកនិយាយភាសាអេស្ប៉ាញ។
ការគាំទ្រសម្រាប់លោក Trump លើបញ្ហាសេដ្ឋកិច្ចបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ចាប់តាំងពីដើមខែមីនា ដោយសារការដាក់ចេញផែនការពន្ធរបស់លោកបាននាំឱ្យមានការប្រែប្រួលនៅក្នុងទីផ្សារភាគហ៊ុន និងការព្រួយបារម្ភអំពីការកើនឡើងតម្លៃទំនិញលើទីផ្សារ។ចំពោះអតិផរណា ប្រជាប្រិយភាពគឺធ្លាក់ចុះ ពី៩ពិន្ទុដល់៣៥% ហើយលើគោលនយោបាយពន្ធរបស់លោកវិញ ធ្លាក់ចុះ ៤ ពិន្ទុទៅ ៣៥% ។ ពិន្ទុរបស់លោកសម្រាប់ការគ្រប់គ្រងសេដ្ឋកិច្ចវិញបានធ្លាក់ចុះ៥ ពិន្ទុដល់កម្រិតទាបនៃអាជីព៣៩%៕