ប្រជាជននៅសហភាពមីយ៉ាន់ម៉ា ដែលបានរួចផុតជីវិតពីគ្រោះរញ្ជួយដីដ៏ធំ កាលពីខែមុន នៅតែតស៊ូក្នុងការកសាងជីវិតរបស់ពួកគេឡើងវិញ។ នៅថ្ងៃចន្ទនេះ មានរយៈពេលមួយខែបន្ទាប់ពីការរញ្ជួយដីកម្រិត ៧,៧រិចទ័រ បានវាយប្រហារសហភាពមីយ៉ាន់ម៉ាភាគកណ្តាល។
របបយោធារបស់សហភាពនេះ បាននិយាយថា មនុស្សជាង៣.៧០០នាក់ បានស្លាប់ និងលំនៅឋានប្រហែល ៦០.០០០ខ្នង បានបាក់រលំ ឬរងការខូចខាត។
ប្រជាជននៅតំបន់រងគ្រោះរញ្ជួយដី នៅតែត្រូវបានបង្ខំឱ្យជ្រកកោននៅខាងក្រៅ ការផ្គត់ផ្គង់អាហារនិងថ្នាំពេទ្យកំពុងខ្វះខាត។ បុរសវ័យ៦៤ឆ្នាំម្នាក់ នៅតែរស់នៅក្នុងតង់នៅទីលានមួយកន្លែងក្នុងទីក្រុង Mandalay ជាទីក្រុងធំបំផុតទីពីររបស់មីយ៉ាន់ម៉ា និយាយថា លោកមានការភ័យខ្លាចខ្លាំងក្នុងការចូលទៅដេកនៅក្នុងផ្ទះរបស់លោក ខណៈការរញ្ជួយដីមួយផ្សេងទៀត អាចកើតឡើងនៅអំឡុងពេលយប់។ លោកនិយាយថា បច្ចុប្បន្ននេះ លោកពឹងផ្អែកលើការផ្តល់ជំនួយអាហារ ប៉ុន្តែលោកមិនដឹងថានឹងរស់នៅយ៉ាងណានោះទេ នៅពេលអស់ជំនួយអាហារ។
នៅតំបន់ភាគពាយ័ព្យនៃខេត្ត Sagaing ដែលនៅជិតចំណុចកណ្តាលនៃការរញ្ជួដី អគ្គិសនី និងទឹកម៉ាស៊ីន នៅតែគ្មានប្រើប្រាស់នៅក្នុងតំបន់មួយចំនួន។ អង្គការជំនួយមនុស្សធម៌និយាយថា មន្ទីរពេទ្យក្នុងស្រុក ទទួលយកអ្នកជំងឺទាំងត្រដាបត្រដួស។ ផ្ទះបាក់បែក និងកម្ទេចកម្ទីនៅតែពុំទាន់ត្រូវបានរុះរើ ហើយការសាងសង់ឡើងវិញនៅពុំទាន់មើលឃើញនៅឡើយ។ អ្នកស្រុកត្រូវការជំនួយជាបន្ត ដើម្បីកសាងជីវិតរស់នៅឡើងវិញ។