យោធាអាមេរិក កាលពីថ្ងៃអាទិត្យ (ទី២៧ ខែមេសា) បានឲ្យដឹងថា សហរដ្ឋអាមេរិកបានវាយប្រហារគោលដៅជាង ៨០០កន្លែង នៅក្នុងប្រទេសយេម៉ែន ចាប់តាំងពីពាក់កណ្តាលខែមីនាមក ដោយបានសម្លាប់សមាជិករបស់ក្រុមឧទ្ទាមហ៊ួទីរាប់រយនាក់ ក្នុងនោះរួមទាំងថ្នាក់ដឹកនាំក្រុមនេះផងដែរ។
គួរដឹងថា កងកម្លាំងរបស់ទីក្រុងវ៉ាស៊ីនតោន បានវាយប្រហារក្រុមហ៊ួទីតាមផ្លូវអាកាសស្ទើររៀងរាល់ថ្ងៃ ចាប់តាំងពីថ្ងៃទី១៥ ខែមីនា ជាប្រតិបត្តិការមួយដែលមានឈ្មោះថា Rough Rider ដោយប្រឹងប្រែងលុបបំបាត់ការគំរាមកំហែងរបស់ក្រុមនេះ ចំពោះនាវា នៅសមុទ្រក្រហម និងឈូងសមុទ្រ Aden ហើយបង្កើត «ការទប់ស្កាត់» ក្នុងតំបន់ឡើងវិញរបស់សហរដ្ឋអាមេរិក។

ទីបញ្ជាការយោធាដែលទទួលបន្ទុកតំបន់មជ្ឈិមបូព៌ា បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ចាប់តាំងពីចាប់ផ្ដើមប្រតិបត្តិការ Rough Rider ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បានវាយប្រហារលើគោលដៅជាង ៨០០កន្លែង។ ការវាយប្រហារទាំងនេះ បានសម្លាប់យុទ្ធជនរបស់ក្រុមហ៊ួទីរាប់រយនាក់ និងមេដឹកនាំហ៊ួទីជាច្រើននាក់»។
ជាមួយគ្នានេះ ទីបញ្ជាការកណ្តាលអាមេរិក (Centcom) បានប្រាប់ថា៖ «ការវាយប្រហារបានបំផ្លាញទីតាំងបញ្ជា និងគ្រប់គ្រងជាច្រើនកន្លែង ប្រព័ន្ធការពារដែនអាកាស កន្លែងផលិតអាវុធទំនើប និងទីតាំងផ្ទុកអាវុធទំនើបៗ»។
តែទោះបីជាមានការវាយប្រហារក៏ដោយ ក៏ក្រុមហ៊ួទីដែលគ្រប់គ្រងតំបន់ដ៏ធំនៃប្រទេសយេម៉ែន និងដែលបានធ្វើសង្រ្គាមជាមួយក្រុមចម្រុះដឹកនាំដោយប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលគាំទ្ររដ្ឋាភិបាលទទួលស្គាល់ជាអន្តរជាតិ តាំងពីឆ្នាំ២០១៥ មក បានបន្តអះអាងពីការមានប្រតិបត្តិប្រឆាំងនឹងនាវាអាមេរិក និងអ៊ីស្រាអែល៕


