ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានរិះគន់ការប្រកាសបទឈប់បាញ់ ៧២ម៉ោងក្នុងទិវាជ័យជំនះ របស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin កាលពីព្រឹកថ្ងៃចន្ទ (២៨ មេសា) ដោយហៅបទឈប់បាញ់នោះថាជា "ការប៉ុនប៉ងយ៉ាងមានលកលល្បិច"។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម លោក Zelenskiy បានទាមទារឱ្យមានបទឈប់បាញ់រយៈពេល ៣០ថ្ងៃជាបន្ទាន់ជំនួសវិញ ដោយចោទទីក្រុងមូស្គូ ថាបាន "បដិសេធឥតឈប់ឈរ" នូវអ្វីដែលលោកនិយាយថា គឺជាកិច្ចខិតខំប្រឹងប្រែងដើម្បី "បង្កើតសន្តិភាព និងធានាសន្តិសុខ" ដោយទីក្រុងគីវ និងអ្នកគាំទ្ររបស់ខ្លួន។

លោក Zelenskiy លើកឡើងថា "មានការប៉ុនប៉ងដោយឧបាយកលមួយផ្សេងទៀត ពោលគឺមនុស្សគ្រប់គ្នាត្រូវតែរង់ចាំដល់ថ្ងៃទី០៨ ឧសភា ហើយនៅពេលនោះទើបមានបទឈប់បាញ់មួយដើម្បីផ្តល់ភាពស្ងប់ស្ងាត់ដល់លោក Putin ក្នុងអំឡុងក្បួនដង្ហែនៃទិវាជ័យជម្នះ"។ លោក Zelenskiy បន្តថា អ៊ុយក្រែនឱ្យតម្លៃលើជីវិតមនុស្ស មិនមែនក្បួនដង្ហែទេ ខណៈបញ្ជាក់ថាលោកចង់បានបទឈប់បាញ់ជាបន្ទាន់ ពេញលេញ និងគ្មានលក្ខខណ្ឌ។
គួរឱ្យដឹងថា នៅព្រឹកថ្ងៃចន្ទ លោក Putin បានប្រកាសបទឈប់បាញ់រយៈពេល ៣ថ្ងៃ ចាប់ពីពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃទី០៨ ឧសភា ដល់ពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃទី១១ ឧសភា។ ការប្រកាសនេះបានកើតឡើងក្រោយការផ្អាកដែលប្រកាសជាឯកតោភាគីស្រដៀងគ្នានេះ ក្នុងអំឡុងពេលបុណ្យអ៊ីស្ទើរ៍ កាលពីដើមខែមេសា៕
