ប្រភពសន្តិសុខអេហ្ស៊ីបពីររូបបានប្រាប់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃចន្ទ (២៨ មេសា) ថា កិច្ចចរចាដែលបានធ្វើឡើងនៅទីក្រុងគែរ ដើម្បីឈានដល់បទឈប់បាញ់ក្នុងសង្រ្គាមដ៏បង្ហូរឈាមហ្កាហ្សា បានឈានដល់ដំណាក់កាលនៃ "វឌ្ឍនភាពដ៏សំខាន់"។
ពុំមានការអត្ថាធិប្បាយភ្លាមៗពីអ៊ីស្រាអែល និងក្រុមហាម៉ាសទេ។ អ្នករាយការណ៍របស់សារព័ត៌មាន Axios បាននិយាយលើបណ្ដាញសង្គម X ថា មន្ត្រីអ៊ីស្រាអែលម្នាក់បានបដិសេធមិនទម្លាយព័ត៌មានដែលបានរាយការណ៍នេះ ហើយក៏មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះដែរ។

ប្រភពអេហ្ស៊ីបនោះបាននិយាយថា មានការយល់ព្រមលើបទឈប់បាញ់រយៈពេលវែងក្នុងតំបន់ឡោមព័ទ្ធ ហ្កាហ្សា ប៉ុន្តែចំណុចជាប់គាំងមួយចំនួននៅតែមាន ដោយក្នុងនោះរួមមានបញ្ហាអាវុធរបស់ក្រុមហាម៉ាស។ ក្រុមសកម្មប្រយុទ្ធមួយនេះបាននិយាយម្តងហើយម្តងទៀតថា ខ្លួនមិនមានឆន្ទៈក្នុងការទម្លាក់អាវុធឡើយ ដែលនេះជាការទាមទារដ៏សំខាន់របស់អ៊ីស្រាអែល។
នាយករដ្ឋមន្ត្រីកាតា លោក Sheikh Mohammed bin Abdulrahman Al Thani បាននិយាយកាលពីថ្ងៃអាទិត្យថា កិច្ចប្រជុំនាពេលថ្មីៗនេះនៅទីក្រុងដូហា ស្តីពីកិច្ចខិតខំប្រឹងប្រែងដើម្បីឈានដល់បទឈប់បាញ់ បានបង្កើតការវិវឌ្ឍខ្លះ ប៉ុន្តែក៏សង្កត់ធ្ងន់ថា មិនទាន់មានកិច្ចព្រមព្រៀងស្តីពីវិធីសាស្រ្តបញ្ចប់សង្រ្គាមនៅឡើយទេ៕

