អ្នកជំនាញសន្តិសុខ បានលើកឡើងថា ការកើនឡើងនូវការវាយប្រហារ នៅភាគឦសាននៃប្រទេសនីហ្សេរីយ៉ា ពីសំណាក់ក្រុម Boko Haram និងគូបដិបក្ខរបស់ក្រុមនេះ គឺ ISWAP បានធ្វើឲ្យមានការភ័យខ្លាចកាន់តែខ្លាំងឡើងៗពីការវិលត្រលប់មកវិញយ៉ាងខ្លាំងក្លារបស់ក្រុមជីហាដ ដែលយុទ្ធសាស្ត្រប្រយុទ្ធរបស់ពួកគេ ឥឡូវនេះរួមបញ្ជូលយានដ្រូនបំពាក់អាវុធ និងឧបករណ៍បំផ្ទុះដែលបង្កប់នៅលើផ្លូវធំៗ ។
គួរបញ្ជាក់ថា យ៉ាងហោចណាស់មនុស្ស ២២នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយឆ្មក់ កាលពីចុងសប្តាហ៍ ដោយក្រុមសកម្មប្រយុទ្ធ នៅក្នុងរដ្ឋ Adamawa និង Borno ខណៈដែល ២៦នាក់ផ្សេងទៀត បានបាង់បង់ជីវិត កាលពីថ្ងៃចន្ទ (ទី២៨ ខែមេសា) បន្ទាប់ពីគ្រឿងផ្ទុះ បានកម្ទេចរថយន្ត ២គ្រឿង នៅក្នុងរដ្ឋ Borno។ មនុស្សរាប់សិបនាក់ផ្សេងទៀត ត្រូវបានសម្លាប់ដោយការវាយប្រហាររបស់ក្រុមជីហាដ គិតចាប់តាំងពីខែមករាមក។
នៅក្នុងរដ្ឋ Borno ដែលជាតំបន់ដ៏សំខាន់នៃអំពើបះបោរអស់រយៈពេលជាង ១៥ឆ្នាំមកហើយនោះ អភិបាលក្រុង លោក Babagana Zulum បានព្រមានថា ក្រុមបះបោរកំពុងមានប្រៀប ដោយសារមានការជួយវាយរុញច្រានតិចតួចពីយោធា។
អ្នកជំនាញផ្នែកសន្តិសុខបានសន្មត់ថា ការងើបឡើងវិញនេះ គឺដោយសារគ្មានការប្រយុទ្ធគ្នា រវាងក្រុម Boko Haram និងក្រុម ISWAP និងដោយសារការចាប់ផ្ដើមប្រើប្រាស់បច្ចេកវិទ្យាវាយប្រហារពីលើអាកាសរបស់ក្រុមទាំងនេះ៕