កងទ័ពជើងទឹករបស់ប្រទេសចិន បានធ្វើការល្បាតនៅសមុទ្រចិនខាងត្បូង កាលពីថ្ងៃអង្គារ (២៩ មេសា) ដោយនិយាយថា ហ្វីលីពីនបាននិងកំពុងបង្កើត "ការរំខាន" ខណៈកងកម្លាំងដែនអាកាសហ្វីលីពីន និងសហរដ្ឋអាមេរិក បានធ្វើបេសកកម្មរួមគ្នារបស់ពួកគេនៅពីលើផ្លូវទឹកជម្លោះនោះ។
ចិន ដែលអះអាងសិទ្ធិស្ទើរតែទាំងស្រុងលើសមុទ្រចិនខាងត្បូង បានជាប់ពាក់ព័ន្ធទៅនឹងភាពតានតឹងកាន់តែខ្លាំងឡើងជាមួយហ្វីលីពីន នៅក្នុងដែនទឹកនៅទីនោះ ខណៈប្រទេសទាំងពីរព្យាយាមបង្កើនការអះអាងអធិបតេយ្យភាពរបស់ពួកគេ។
ទាហានហ្វីលីពីន និងអាមេរិកជាង ១៤.០០០នាក់ កំពុងចូលរួមក្នុងសមយុទ្ធរួមគ្នា ដែលដំណើរការចាប់ពីថ្ងៃទី២១ ខែមេសា ដល់ថ្ងៃទី០៩ ខែឧសភា សម្រាប់ "ការសាកល្បងសមរភូមិពេញលេញ" ស្របពេលកង្វល់សន្តិសុខក្នុងតំបន់រួមគ្នា។ ទីក្រុងប៉េកាំង បានរិះគន់ខ្លាំងៗថា សមយុទ្ធនេះគឺជាការបង្កហេតុ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃអង្គារ បញ្ជាការភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន បាននិយាយថា កងកម្លាំងរបស់ខ្លួននៅថ្ងៃអង្គារដដែលនោះ បានអនុវត្តការល្បាត "ជាទម្លាប់" នៅសមុទ្រចិនខាងត្បូង ដោយមិនផ្តល់ទីតាំងច្បាស់លាស់ទេ។ បញ្ជាការនេះបន្ថែមថា ថ្មីៗនេះ ហ្វីលីពីនបាននិងកំពុងធ្វើសកម្មភាពញុះញង់រំលោភបំពានដែនសមុទ្រ បង្កើតការរំខាន និងអូសទាញប្រទេសពីក្រៅតំបន់ ដើម្បីរៀបចំនូវអ្វីដែលគេហៅថា "ការល្បាតរួមគ្នា" របស់ពួកគេ៕