ក្រុមមន្ត្រី បាននិយាយកាលពីយប់ថ្ងៃអង្គារទី២៩ ខែមេសា ថា អគ្គិភ័យដ៏ធំឆាបឆេះសណ្ឋាគារមួយកន្លែងក្នុងទីក្រុង Kolkata ភាគខាងកើតប្រទេសឥណ្ឌា បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់១៤នាក់ស្លាប់ ។
អគ្គិភ័យ បានឆាបឆេះនៅសណ្ឋាគារ Rituraj ក្នុងទីក្រុង Kolkata ជាកន្លែងដែលក្រុមអ្នកជួយសង្គ្រោះ ត្រូវបានគេមើលឃើញកំពុងយកសាកសពដាក់ចូលទៅក្នុងរថយន្តគិលានសង្គ្រោះ បន្ទាប់ពីបានពន្លត់អណ្តាតភ្លើង។
ភ្ញៀវក្នុងសណ្ឋាគារជាច្រើន បានព្យាយាមភៀសខ្លួនចេញ ដោយមានមនុស្សម្នាក់រងរបួសធ្ងន់បន្ទាប់ពីលោតចុះពីលើអគារ។ អភិបាលក្រុង Kolkata លោក Firhad Hakim បាននិយាយថា មនុស្សមួយចំនួនទៀតបានទទួលរងការថប់ដង្ហើម ប៉ុន្តែត្រូវបានជួយសង្គ្រោះ និងនាំយកទៅមន្ទីរពេទ្យ។
ទន្ទឹមនឹងនេះ ភ្ញៀវមួយចំនួនដែលបានស្វែងរកទីជ្រកកោននៅតាមរានហាល ក៏ត្រូវបានជម្លៀសចេញដោយសុវត្ថិភាពទៅកាន់ដំបូលអគារដែលនៅក្បែរនោះ ដោយមានជំនួយពីជណ្ដើរផ្តល់ឲ្យដោយអ្នកពន្លត់អគ្គិភ័យ។ រីឯមូលហេតុនៃការអគ្គិភ័យឆាបឆេះនេះ នៅពុំទាន់បានដឹងនៅឡើយ។